ភ្នំពេញ : នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាតប្រោសព្រះរាជទានជូន លោក ង្វៀន សួនហ្វុក (Nguyen Xuan Phuc) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ចើញដឹកនាំគណៈប្រតិភូចូលក្រាបថ្វាយបង្គំគាល់ នាព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង ក្នុងឱកាសដ៏ឧត្តុង្គឧត្តមដែល លោក អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ។
យោងតាមសេចក្តីប្រកាសជូនព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បាន អោយដឹងថា, លោក ង្វៀន សួនហ៊្វុក ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២១។ តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ បន្ទាប់ពីលោក ង្វៀន សួនហ៊្វុក នឹងចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា នៅព្រះទីនាំងទេវាវិនិច្ឆ័យ និងចូលក្រាបបង្គំគាល់សម្ដេចព្រះមហាក្សតី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅ ព្រះរាជដំណាក់គន្ធបុប្ផា ក្នុងព្រះបរមរាជវាំង។
លោកប្រធានរដ្ឋ ង្វៀន សួនហ៊្វុក នឹងចូលថ្វាយបង្គំគាល់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះអភិសិរីសុគន្ធាមហា សង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី ព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជា ណាចក្រកម្ពុជា នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងកន្ត្រកផ្កានៅ មណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្ដម សីហនុ “ព្រះបរមរតន កោដ្ឋ ” អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕