ខេត្តសៀមរាប: លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជាក់ថា, លោកមានយន្តការដោះដ្រាយបញ្ហាវិវាទដីធ្លីក្នុងដែនសមត្ថកិច្ចខ្លួនគ្រប់គ្រង តាមទិដ្ឋភាពច្បាប់ សង្គម ឈ្នះ ឈ្នះ ទាំងអស់គ្នា សម្រាប់ប្រជាពលរដ្ឋ របស់លោក។
តាមរយៈការដឹកនាំប្រជុំមន្ត្រីពាក់ព័ន្ធទាំងអស់នៅក្នុងស្រុកបន្ទាយស្រី ត្រៀមលក្ខណៈសម្បត្តិដោះស្រាយបញ្ហាទំនាស់ដីធ្លីទ្រង់ទ្រាយធំជាលក្ខណៈប្រព័ន្ធ នៅក្នុងតំបន់ជាប់ព្រំប្រទល់រវាងឃុំខ្នារសណ្តាយ ឃុំរំចេក និងឃុំព្រះដាក់ ជាពិសេសតំបន់ចន្លោះផ្លូវជាតិលេខ៦៦ និងផ្លូវជាតិលេខ៦៧ ដើម្បីជាមូលដ្ឋានឈានទៅដល់ការបញ្ចប់វិវាទរ៊ាំរ៉ៃដែលបានអូសបន្លាយអស់ជាយូរឆ្នាំមកហើយ។
លោកលើកឡើងថា, ដីនៅក្នុងតំបន់ទាំងនេះ សុទ្ធសឹងតែជាដីជាប់នៅក្នុងផែនទីគម្របព្រៃឈើឆ្នាំ២០០២ ដែលត្រូវបានប្រជាពលរដ្ឋរស់នៅកាន់កាប់អាស្រ័យផលជិតម្ភៃឆ្នាំរួចមកហើយ ប៉ុន្តែក៏ជាតំបន់ដែលមានការទាមទារត្រួតសុីគ្នា រវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ ឬរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនដែលបានទិញដីបន្តពីប្រជាពលរដ្ឋ។ តាមការសន្និដ្ឋានរបស់ក្រុមការងារ មានដីមិនតិចជាង១០០០ហិកតាទេដែលស្ថិតក្រោមភាពស្រពេចស្រពិល នៅលាយឡំជាមួយនឹងដីមានទំនាស់ មានឯកសារកាន់កាប់ជាន់គ្នា និងមានព្រំប្រទល់មិនច្បាស់លាស់ ដែលទាមទារឱ្យមានការត្រួតពិនិត្យជាប្រព័ន្ធ និងធ្វើការវិនិច្ឆ័យជារួមដំណាលគ្នាទើបសង្ឃឹមអាចរកច្រកចេញបាន។
លោកបន្តថា, ម្ចាស់ដីទាំងអស់នៅក្នុងតំបន់ទាំងនេះនឹងត្រូវបានទុកពេលឱ្យរយៈពេល១ខែដើម្បីបង្ហាញឯកសារកាន់កាប់ដែលមានសុពលភាពនៅលើដីរបស់ខ្លួនមកកាន់ក្រុមការងាររបស់រដ្ឋបាលស្រុកដើម្បីធ្វើការផ្ទៀងផ្ទាត់ និងវាយតម្លៃ មុននឹងកំណត់ឱ្យច្បាស់ថាតំបន់ណាត្រួតជាន់គ្នាពិតប្រាកដ ហើយត្រូវដោះស្រាយបញ្ចប់ ដោយតម្រូវឱ្យម្ចាស់ដីពិតប្រាកដចេញមុខតវ៉ាដោះស្រាយដោយផ្ទាល់ និងមិនអនុញ្ញាតឱ្យតំណាងឬម្ចាស់ដីដើមចេញមុខតវ៉ាជំនួសឡើយ៕