ខេត្តសៀមរាបៈ សម្តេចតេជោ ហ៊ុន សែន បង្ហាញពីមនោសញ្ចេតនាផ្សាភ្ជាប់ជាមួយជនរួមជាតិ វត្តមានសម្តេចលើទឹកដីសៀមរាបអង្គរសម្តេចមានប្រសាសន៍ថាៈ ខ្ញុំ និងភរិយាសប្បាយរីករាយណាស់ ដែលបានមកបើកអង្គរសង្រ្កាន្តឆ្នាំថ្មី ២០១៦ នៅខេត្តសៀមរាបជាមួយបងប្អូនជនរួមជាតិទាំងនៅក្នុងខេត្តនេះ និងបងប្អូនដែលមកពីតាមបណ្តាខេត្តនានា។ អង្គរសង្រ្កាន្តឆ្នាំនេះមានការរៀបចំបានល្អទាំងការតុបតែងលំអរដែលមានការទាក់ទាញនៅតាមដងផ្លូវក្នុងតំបន់អង្គរ និងកម្មវិធីកំសាន្តសប្បាយនានា រួមទាំងការតាំងពិពណ៌សិល្បៈប្រពៃណីទំនៀមទម្លាប់ ដែលបានបង្ហាញនូវវប្បធម៌ដ៏រុងរឿងរបស់កម្ពុជា។ ទន្ទឹមនឹងនោះដែរ សុវត្ថិភាពសណ្តាប់ធ្នាប់នៅក្នុងបរិវេណអង្គរ គឺបានធានានូវសន្តិសុខល្អជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងពេលមកកំសាន្តសប្បាយនៅទីនេះ។
ថ្ងៃនេះខ្ញុំបានលេងអុកនិងរាំលេងកំសាន្តយា៉ងសប្បាយផងដែរ។ខ្ញុំ និងភរិយាសូមជូនពរបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេស ព្រមទាំងទេសចរណ៌អន្តរជាតិដែលបានមកកំសាន្តនៅកម្ពុជា សូមជួបតែសំណាងល្អ និងបានស្បាយរីករាយនៅក្នុងសង្រ្កាន្តឆ្នាំថ្មី។ សូមមានសុខសុវត្ថិភាពក្នុងការធ្វើដំណើរនៅក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីគ្រប់ៗគ្នា។ មានសន្តិភាពទើបប្រទេសជាតិយើងមានការប្រារព្ឋពិធីសង្រ្កាន្តឆ្នាំថ្មីដ៏អធិកអធម្មបែបនេះ៕
សុខ ខេមរា