ខេត្តតាកែវ៖ បើយោងតាមប្រភពពី៖ រដ្ឋបាលខេត្តតាកែវ បានអោយដឹងថា, នៅព្រឹកថ្ងៃព្រសហ្បតិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ លោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ បានអញ្ជើញបើកកិច្ចប្រជុំបន្ទាន់ជាមួយ លោក លោកស្រី អភិបាលរងខេត្ត លោក អភិបាល ក្រុង ស្រុកទាំង ១០ កងកម្លាំងប្រដាប់អាវុធទាំងបី និងលោក លោកស្រី ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ។
លោក អ៊ូច ភា អភិបាលខេត្ត បានមានប្រសាសន៍ឱ្យដឹងថា កិច្ចប្រជុំនេះដ៏មានសារៈសំខាន់នាពេលនេះរួមមាន៖
១. ពិនិត្យមើលដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ លើកទី៣ (ដូសជម្រុញ) ដល់ប្រជាពលរដ្ឋមានអាយុ ១៨ឆ្នាំឡើងទៅ នៅទូទាំងខេត្ត។
២. ផ្សព្វផ្សាយដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ លើកទី៣ (ដូសជំរុញ) ដល់យុវវ័យមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ក៏ដូចជាជួយជំរុញទៅដល់ពលរដ្ឋនៅទូទាំងខេត្ត អញ្ជេីញមកចាក់វ៉ាក់សាំងដូសជំរុញនេះឱ្យបានគ្រប់ៗគ្នា។
៣. ពង្រឹងការងារត្រៀមលក្ខណៈ រៀបចំសន្តិសុខសណ្ដាប់ធ្នាប់ នៅតាមមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។
៤. ពង្រឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ តាមទីប្រជុំជន តាមរមណីយដ្ឋាន តាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ជូនប្រជាពលរដ្ឋ ក្នុងអំឡុងពេលពិធីបុណ្យឆ្លងឆ្នាំសកលខាងមុខឆាប់ៗនេះ។
៥. ជំរុញដល់ក្រុមគ្រូពេទ្យជំនាញ ត្រូវបង្កើនប្រសិទ្ធភាពការព្យាបាលអ្នកជំងឺកូវីដ១៩ នៅមន្ទីរពេទ្យរដ្ឋ និងនៅតាមខ្នងផ្ទះ៕