ភ្នំពេញ ៖ លោក ហុង សុគុណវឌ្ឍនា ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ បានប្រកាសសាលក្រមផ្តន្ទាទោសលើអតីតអនុប្រធានប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ខណ្ឌដូនពេញ ដាក់ពន្ធនាគារកំណត់៥ឆ្នាំ ក្រោមការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន ។
ជនជាប់ចោទ ឈ្មោះ ហ៊ីង តុលា ភេទប្រុស អាយុ៤១ឆ្នាំ ជាអតីតអនុប្រធានប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ខណ្ឌដូនពេញ ត្រូវជាប់ពន្ធនាគារ៥ឆ្នាំ
ក្រោមការចោទប្រកាន់ពីបទជួញដូរ ចាត់ចែង និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន២០៩កញ្ចប់ ប្រព្រឹត្តនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ២១និង១៥នាទី នៅចំណុចក្តាន់ពីរR6 ផ្លូវរថភ្លើង ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ មុនពេលឃាត់ខ្លួនឈ្មោះហុីង តុលា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សុង ដេត ភេទប្រុស អាយុ២៣ឆ្នាំ។ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យឈ្មោះ សុង ដេតរួចមក កម្លាំងជំនាញបានប្រើប្រាស់វិធានការជំនាញសួរចម្លើយ ហើយនៅវេលាម៉ោង១១និង០០នាទី ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងជំនាញបានសហការជាមួយកម្លាំងបញ្ជាការឯកភាពខណ្ឌ បើកកិច្ចប្រតិបត្តិការឆែកឆេរត្រួតពិនិត្យចំពោះទីតាំងតំបន់ខាងលើរកឃើញវត្ថុតាងជាឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន និងដាវកែច្នៃខុសច្បាប់ចំនួន០១ដើម ព្រមទាំងបានឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់បន្ថែមទៀត ក្នុងនោះមានជនសង្ស័យឈ្មោះ ហុីង តុលា ជាអតីតអនុប្រធានប៉ុស្តិ៍ នគរបាលរដ្ឋបាលស្រះចក ខណ្ឌដូនពេញផងដែរ។
វត្ថុតាងសមត្ថកិច្ចដកហូត៖ រួមមានគ្រឿងញៀនសរុបចំនួន២០៩កញ្ចប់ (២០៦កញ្ចប់តូច និង០៣កញ្ចប់ធំ), ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន០១, ដាវកែច្នៃចំនួន០១ដើម, ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន៕ដោយ រ៉ារ៉ា