ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ បានមានប្រសាសន៍លើកឡើងថា, ការទុកឱ្យប្រទេសមីយ៉ាន់ម៉ានៅក្រៅអាស៊ានមិនត្រឹមតែ ធ្វើឱ្យប៉ះពាល់ដល់ធម្មនុញ្ញអាស៊ានដែលធ្វើឱ្យប៉ះពាល់ ដល់ស្មារតីអាស៊ាន ប៉ុណ្ណោះទេ ថែមទាំង កំពុងរុញមីយ៉ានម៉ាឱ្យធ្លាក់ក្នុងសង្គ្រាមស៊ីវិលថែមទៀត។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែនថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អាគារគយនិងរដ្ឋាករ នៅព្រឹកថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានប្រតិកម្មធ្ងន់ៗទៅលើអ្នកដែលរិះគន់ លើការទៅធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ារបស់ សម្ដេចតេជោនៅដើមខែមករាខាងមុខថា ជាអ្នក នយោបាយដែលក្មេងខ្ចីមិនដឹងពីស្ថានភាពដែលអាចកើត ឡើងនាពេលខាងមុខ និងបានផ្តាំទៅវិញឱ្យមើលពីទំនាក់ ទំនងរវាងប្រទេសពួកគេជាមួយមីយ៉ាន់ម៉ាវិញជាជាង ត្រឹមតែរិះគន់សម្តេចលើដំណើរទស្សនកិច្ចនេះ។ អ្នកទាំង នោះមានអតីតរដ្ឋមន្ត្រីការបរទេសថៃលោក កាស៊ីត ភារម្យ និងតំណាងរាស្រ្តម៉ាឡេស៊ីម្នាក់។
សម្ដេចតេជោ ហ៊ុនសែន ថ្លែងថា៖ «មុននឹងអ្នកឯងសួរខ្ញុំ ចង្អុលមុខខ្ញុំ អ្នកឯងត្រូវសួរខ្លួនឯងថា អ្នកឯងធ្វើអី បើអ្នកឯងហ៊ាន ផ្តាច់ទូតចេញពីមីយ៉ាន់ម៉ាទើបអ្នកឯងចិត្តសឿង ប៉ុន្ត ប្រទេសនៅលើលោកីយ៍នេះ អត់ទាន់មានប្រទេស ណាមួយផ្តាច់ទូតចេញពីប្រទេសមីយ៉ាន់ម៉ាទេ! ហេតុអ្វី បានហ៊ុន សែន មិនអាចទៅមីយ៉ាន់ម៉ាបាន ខ្ញុំមានទូតនៅ ហ្នឹង ហើយមីយ៉ាន់ម៉ាមានទូតនៅភ្នំពេញ អញ្ចឹងដំណើរ របស់ខ្ញុំទៅមីយ៉ាន់ម៉ា អត់មានអីខុស ជាទម្លាប់ ការទូតធម្មតាហើយក៏ជាផ្នែកមួយនៃទំនាក់ទំនងភាពជា ដៃគូក្នុងអាស៊ាន» ។
សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ បានថ្លែងបន្ថែមទៀតផងដែរថា ដរាបណាអាស៊ាន មានតែ៩ប្រទេសគឺមានន័យថា «អាស៊ានមិនគ្រប់ទឹក» និងជាអាស៊ានដែលបរាជ័យ ធ្វើឱ្យមីយ៉ាន់ម៉ាធ្លាក់ក្នុង សង្គ្រាមស៊ីវិល។
សម្ដេចតេជោ បញ្ជាក់ថានៅពេលសម្ដេចទៅធ្វើទស្សនកិច្ច នៅមីយ៉ាន់ម៉ាសម្ដេចនឹងទៅក្នុងនាមជានាយករដ្ឋមន្ត្រី កម្ពុជាផង និងជាប្រធានអាស៊ានផង និងប្រើប្រាស់ យន្តហោះពិសេសបិទទង់ជាតិកម្ពុជាធ្វើដំណើរទៅថែម ទៀត។ សម្តេចបានផ្តាំទៅពលរដ្ឋមីយ៉ាន់ម៉ាមួយចំនួន ដែលបង្ហាញការមិនពេញចិត្តចំពោះដំណើរទស្សនកិច្ចនេះ កុំឱ្យធ្វើការសន្និដ្ឋានទុកពេលឱ្យសម្ដេចធ្វើការសិន។
សម្តេចតេជោ ហ៊ុន សែន ថា៖ «អ្នកដែលប្រឆាំងខ្ញុំ ជនជាតិមីយ៉ាន់ម៉ា។ ខ្ញុំយល់អារម្មណ៍របស់អ្នក ដូចជា
មានដុតទាំងរូបថត មីន អ៊ុងឡាំង ហើយនឹងរូបខ្ញុំផង។ សុំអញ្ជើញធ្វើអីក៏ធ្វើចុះក៏ប៉ុន្តែអ្នកឯងនឹងទទួលផល ប្រយោជន៍នៅពេលក្រោយអំពីការស្តារឡើងវិញ ការវិលត្រលប់នៃសន្តិភាព ក៏ដូចជាដំណើរការប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ា។ នេះជាការជូនសារ ថាអ្នកនឹង ទទួលផលប្រយោជន៍» ។
បើតាមគម្រោងសម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណ ប្រតិភូកម្ពុជាធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ានៅ ថ្ងៃទី៧ និង៨ ខែមករា ឆ្នាំ២០២២ខាងមុខ ដើម្បីជួយ ស្វែងរកដំណោះស្រាយ និងបើកផ្លូវឱ្យអាស៊ានអាចអនុវត្ត កិច្ចព្រមព្រៀងជាឯកច្ឆ័នទាំង៥ចំណុចរបស់អាស៊ាន សម្រាប់ប្រទេសមីយ៉ាន់ម៉ាបាន។
កិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចរបស់អាស៊ានសម្រាប់ ប្រទេសមីយ៉ាន់ម៉ា មានដូចជាតម្រូវឱ្យបញ្ឈប់នូវអំពើ ហិង្សា បង្កើតនូវការសន្ទនាគ្រប់ភាគី ទទួលយកការ សម្របសម្រួលរបស់បេសកជនពិសេសអាស៊ាន ការផ្តល់ ជំនួយមនុស្សធម៌ និងអនុញ្ញាតឱ្យបេសជនពិសេសទៅ បំពេញទស្សនកិច្ចនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
សូមបញ្ជាក់ថា, វិបត្តិនៅប្រទេសមីយ៉ាន់ម៉ាកើតឡើងចេញពីរដ្ឋប្រហារ យោធាដែលធ្វើឡើងកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ចាប់ខ្លួនទីប្រឹក្សារដ្ឋលោកស្រីអ៊ុងសាន ស៊ូជី លោក ប្រធានាធិបតីវីន មឿន និងមន្ត្រីគណបក្សកាន់អំណាច មួយចំនួនទៀតដោយកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា ដោយបានប្រកាសមិនទទួលស្គាល់លទ្ធផលឆ្នោត កាលពីខែវិច្ឆិកា ឆ្នាំ២០២០ និងប្រគល់ការងារដឹកនាំ ប្រទេសឱ្យអគ្គមេបញ្ជាការកងទ័ពជាតិគឺលោកមីន អ៊ុង ឡាំង។
រដ្ឋប្រហារនេះបានធ្វើឱ្យពលរដ្ឋមីយ៉ាន់ម៉ាបង្ហាញការមិន ពេញចិត្ត និងនាំគ្នាធ្វើបាតុកម្មជាបន្តបន្ទាប់ ខណៈ អាស៊ាននាពេលចុងក្រោយក៏សម្រេចមិនដាក់បញ្ជូល ប្រទេសមីយ៉ាន់ម៉ាចូលក្នុងកិច្ចប្រជុំកំពូលរបស់ខ្លួន ផងដែរ។
បើតាម ប្រភពពី Reuters បានបញ្ជាក់អោយដឹងថា,មន្ត្រីយោធាថៃម្នាក់ បាននិយាយកាលពីថ្ងៃពុធថា ការប្រយុទ្ធគ្នារវាងកងកម្លាំងរដ្ឋាភិបាលមីយ៉ាន់ម៉ា និងក្រុមទ័ពព្រៃជនជាតិភាគតិច បានបណ្តាលឲ្យអ្នកភូមិជាង៤០០០នាក់រត់ភៀសខ្លួនឆ្លងព្រំដែន ចូលទៅក្នុងប្រទេសថៃ ក្នុងរយៈពេល១ សប្តាហ៍កន្លងមកនេះ។ ដោយឡែកសម្តេចតេជោ ហ៊ុន សែន ប្រកាសថា វត្តមានសម្តេចទៅមីយ៉ាន់ម៉ា នាពេលខាងមុខ គឺដើម្បីសុខុដុមនីយកម្មអាស៊ាន ពីអាស៊ាន១០ឲ្យនៅចំនួន១០ដដែល។ សម្តេចតេជោបញ្ជាក់ថា ក្នុងនាមជាប្រធានអាស៊ាន នឹងធ្វើអោយអាស៊ានពី៩ មកគ្រប់ចំនួន១០វិញ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែង ខណៈអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅ
ព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ៕
ដោយ : សិលា