ភ្នំពេញ : នៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា, នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាត ឲ្យ លោក អាំផៃ គីនដាវង់ (Amphay KINDAVONG) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែល ឯកឧត្តម បានបញ្ចប់បេសកកម្មការទូត នៅព្រះរាជាណាចក្រកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី បានអបអរសាទរចំពោះ លោកឯកអគ្គរដ្ឋទូត ដែលបានបញ្ចប់ បេសកកម្មការទូតនៅកម្ពុជា ប្រកបដោយជោគជ័យ និងបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ លោក ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់ និងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការទ្វេភាគី ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ក្នុងស្មារតីន ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ដើម្បីផលប្រយោជន៍សម្រាប់ប្រជាជនកម្ពុជា និង ឡាវ។ លោក ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ផងដែរថា នៅក្នុងអាណត្តិបេសកកម្មការទូតរបស់ លោកឯកអគ្គរដ្ឋទូត ប្រទេសទាំងពីរ បានរៀបចំការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់នៃប្រទេសទាំងពីរ និង ទទួលបានសមិទ្ធផលប្រកបដោយផ្លែផ្កា។
ជាកិច្ចឆ្លើយតប លោកឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណជាពិសេសជូន លោកឧបនាយក រដ្ឋមន្ត្រី ដែលបានទទួលជួបសវនាការរបស់ លោក នៅក្នុងពេលវេលាដ៏មមាញឹកនេះ និងចំពោះកិច្ចសហ ប្រតិបត្តិការដ៏ល្អ និងភាពស្និទ្ធស្នាលរបស់ថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ដែលជាមូលដ្ឋានដ៏យ៉ាងសំខាន់ក្នុងការរួមចំណែកធ្វើឱ្យបេសកកម្មការទូតរបស់ ឯកឧត្តម នៅ ព្រះរាជាណាចក្រកម្ពុជា ទទួលបានជោគជ័យ។
លោក បានគូសបញ្ជាក់ថា ក្នុងអាណត្តិបេសកម្មការទូត លោក បានសង្កេតឃើញថា កម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័សនៅលើគ្រប់វិស័យ ហើយប្រសិនបើគ្មានវិបត្តិជំងឺកូវីដ-១៩ នោះទ កម្ពុជាពិតមានសន្ទុះនៃការរីកចម្រើនយ៉ាងខ្លាំងជាងនេះ ជាក់ជាមិនខាន។ លោក ឯកអគ្គរដ្ឋទូត ក៏បាន ថ្លែងកោតសរសើរថា កម្ពុជាជាប្រទេសដ៏ល្អសម្រាប់ការស្នាក់នៅ និងបំពេញការងារការទូត ដោយម្យ៉ាងប្រជាជនកម្ពុជាមានសមានចិត្តល្អ និងរួសរាយរាក់ទាក់ និងម្យ៉ាងទៀតមានការគាំទ្រនិងសហការល្អពីថា្នក់ ដឹកនាំកម្ពុជាគ្រប់ជាន់ថ្នាក់។ លោកពិតជាមានក្តីសោមន្សរីករាយយ៉ាងខ្លាំងដែលមានឱកាសបានបំពេញ បេសកម្មការទូត និងរស់នៅកម្ពុជាជាងបីឆ្នាំនេះ។
ឆ្លៀតក្នុងឱកាសនេះដែរ លោកឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី សម្រាប់ការផ្ដល់ជំនួយដ៏ថ្លៃថ្លាជូន ប្រទេសឡាវ រួមមាន ថវិកា វ៉ាក់សាំងកូវីដ ១៩. សម្ភារៈបរិក្ខារវេជ្ជសាស្ត្រជាបន្តបន្ទាប់ ជាពិសេសនៅក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការរបស់ លោកនាយករដ្ឋមន្ត្រីឡាវ ផនខាំ វីផាវ៉ាន់ នាពេលថ្មីៗនេះ។
ភាគីទាំងពីរក៏បានលើកឡើងផងដែរ អំពីបញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិ ដែលជាចំណាប់ អារម្មណ៍រួម។ លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណឡាវ ចំពោះការគាំទ្រដល់កម្ពុជា ក្នុងការ រៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ប្រកបដោយជោគជ័យកាលពីពេលថ្មីនេះ និងចំពោះតួនាទី របស់កម្ពុជា ជាប្រធានអាស៊ាន នៅឆ្នាំ២០២២ ៕
ដោយ ; សិលា