ភ្នំពេញ៖ សារព័ត៌មាន Reuter, Aljazeera, Channel News Asia, Straits Times, China Morning Post, Xinhua និងសារព័ត៌មានតំបន់ Huth Bangkok Post, Vietnam Plus, Free Malaysia Today ដែលសរុបប្រមាណ២៤ស្ថាប័ន បានចុះផ្សាយពីអង្គសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជានៅថ្ងៃនេះ ដែលបានបោះឆ្នោត ជ្រើសតាំងលោក ហ៊ុន ម៉ាណែត ជាបេក្ខជននាយក រដ្ឋមន្ដ្រីនាពេលអនាគត។
សារព័ត៌មានទាំងនោះបានចុះផ្សាយក្នុងន័យស្រដៀងៗ គ្នាថា៖ «គណបក្សកាន់អំណាចគាំទ្រកូនប្រុស សម្តេចតេជោ ហ៊ុន សែន ជាអនាគតមេដឹកនាំ» ។
គួរបញ្ជាក់ផងដែរថាសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ របស់គណបក្សប្រជាជនកម្ពុជានៅព្រឹកនេះ បានសម្រេចជាផ្លូវការបោះឆ្នោតជ្រើសតាំងបន្ថែមសម្ដេច ពិជ័យសេនា ទៀ បាញ់ ជាអនុប្រធានគណបក្ស និងលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាអនុប្រធាន គណបក្ស ហើយសម្តេចតេជោ ហ៊ុន សែន នៅតែទទួល បានការគាំទ្រជាបេក្ខភាពនាយករដ្ឋមន្ត្រី និងបានសម្រេច ជាឯកច្ឆ័ន្ទជ្រើសតាំងលោក ហ៊ុន ម៉ាណែត ជាបេក្ខភាព នាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។
ថ្លែងក្នុងសន្និសិទសារព័ត៌មានបន្ទាប់ពីសន្និបាត គណៈកម្មាធិការកណ្តាលលើកទី៤៣ របស់គណបក្ស ប្រជាជនកម្ពុជានៅថ្ងៃនេះអ្នកនាំពាក្យគណបក្សលោក សួស យ៉ារ៉ា បានថ្លែងថាការបោះឆ្នោតជ្រើសតាំងបន្ថែម អនុប្រធានបក្ស២រូបបន្ថែម និងទុកចិត្តដល់លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត គឺជាការបង្ហាញទៅពិភពលោកថាគណបក្សប្រជាជនជា គណបក្សដែលមានឯកភាព និងសាមគ្គីភាពគ្នា ដែល ធានាការពារកម្ពុជានូវសន្តិភាព បញ្ចៀសការបៀតបៀនឬ ការដណ្តើមគ្នាលើភូមិសាស្ត្រនយោបាយនៃមហា អំណាច។
លោកថា៖ «មូលហេតុសំខាន់នោះយើងចង់បង្ហាញថា គណបក្សប្រជាជនកម្ពុជាមានឯកភាពផ្ទៃក្នុងហើយនឹង មានសាមគ្គីភាពគ្នារឹងមាំព្រោះការទប់ទល់នឹងសត្រូវនិង ការបៀតបៀននឹងការដណ្ដើមគ្នានៃភូមិសាស្ត្រនយោបាយ នៃមហាអំណាច ការរក្សាបាននៅសន្តិភាពនិងស្ថេរភាព ជាតិវាធំជាងការប្រកួតប្រជែងផ្ទៃក្នុងឬការដណ្ដើមបេក្ខ ភាពឬការដណ្ដើមបេក្ខភាពជានាយករដ្ឋមន្ត្រី ហ្នឹងវាលើសពីអ្វីៗទាំងអស់» ។
គណបក្សប្រជាជនកម្ពុជាត្រូវបានបង្កើតឡើងនៅ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយអ្នកជាតិនិយម កម្ពុជាដើម្បីរំដោះជាតិកម្ពុជាពីអាណានិគមបារាំង។ គឺជា គណបក្សដែលចំណាស់ជាងគេនៅ កម្ពុជា ហើយបាន ដឹកនាំការតស៊ូរំដោះប្រជាជនកម្ពុជាពីរបបខ្មែរក្រហមនៅ ឆ្នាំ១៩៧៩ និងបានដឹកនាំប្រទេសមកដល់បច្ចុប្បន្ន។ បើយោងតាមប្រភព( EAC NEWS) បញ្ជាក់ថា, មានសារព័ត៌មានបរទេសចំនួន ១០អង្គភាព បានចុះផ្សាយពី លើបេក្ខភាព អនាគតនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត សម្រាប់អនាគតរបស់គណបក្សប្រជាជនកម្ពុជា មានចំណងជើងស្រដៀងៗគ្នា៕