ក្រសួងអប់រំ សូមថ្លែងអំណរគុណចំពោះក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយគ្រប់លំដាប់ថ្នាក់ដែលបានចូលរួមយ៉ាងសកម្មក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

ចែករំលែក៖

ភ្នំពេញ : សេចក្ដីប្រកាសព័ត៌មាន ស្ដីពីដំណើរការដឹកប្រធានវិញ្ញាសាទៅកាន់រាជធានី ខេត្ត សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៧ ធ្នូ ២០២១។
ក្រសួងអប់រំ យុវជន និងកីឡា សូមថ្លែងអំណរគុណចំពោះក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយគ្រប់លំដាប់ថ្នាក់ដែលបានចូលរួមយ៉ាងសកម្មក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងការសង្កេតការណ៍ដើម្បីដំណើរការដឹកជញ្ជូនហឹបប្រធានវិញ្ញាសាប្រឡង ប្រព្រឹត្តទៅរលូន ប្រកបដោយសុវត្ថិភាព និងគោរពទៅតាមបទប្បញ្ញត្តិ ដែលបានដាក់ចេញដោយក្រសួងអប់រំ យុវជន និងកីឡា ជាពិសេសមានការចូលរួមគាំទ្រដល់ដំណើរការការងារដោយអាជ្ញាធរដែនដីយ៉ាងសកម្មផងដែរ។
អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) មានកិត្តិយសជម្រាបជូនសាធារណជនមេត្តាជ្រាបថា ក្រុមការងារចំហអង្គភាពប្រឆាំងអំពើពុករលួយចូលរួមសង្កេតការណ៍ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៧ ធ្នូ ២០២១ បានចូលរួមសង្កេតការណ៍ ដំណើរការដឹកប្រធានវិញ្ញាសា ទៅកាន់រាជធានី ខេត្ត ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ដោយចូលរួមតាំងពីដំណាក់កាលរៀបចំដឹកជញ្ជូនចេញពីក្រសួងអប់រំ យុវជន និងកីឡា (វិទ្យាស្ថានជាតិអប់រំ) រហូតដល់ សាលារាជធានី ខេត្ត ដែលជាទីតាំងរក្សាទុកប្រធានវិញ្ញាសាប្រឡង។

ក្នុងដំណើរការនៃការដឹកជញ្ជូនប្រធានវិញ្ញាសាសរុប ៨៧៣ ហឹប អ.ប.ព.កត់សម្គាល់ឃើញថាគ្រប់ភាគីពាក់ព័ន្ធ រួមមាន គណៈមេប្រយោគទូទាំងប្រទេសប្រចាំរាជធានីខេត្ត គណៈកម្មការអប្បមាទទូទាំងប្រទេសប្រចាំរាជធានីខេត្ត អាជ្ញាធរដែនដី (អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត, កងកម្លាំងនគរបាល, កងរាជអាវុធហត្ថ បានយកចិត្តទុកដាក់ខ្ពស់ អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនលើកិច្ចការនេះ ស្របទៅតាមបទប្បញ្ញត្តិពាក់ព័ន្ធ ដោយ៖

១. នៅក្នុងដំណើរការនៃការរៀបចំប្រគល់-ទទួល និងដឹកជញ្ជូនហឹបវិញ្ញាសាចេញពីវិទ្យាស្ថានជាតិអប់រំ គឺមានការ ចូលរួមពិនិត្យយ៉ាងម៉ត់ចត់លើស្រោមវិញ្ញាសាដែលបានប័ទជិតយ៉ាងគត់មត់មិនមានការរហែក, ផ្ទៀងផ្ទាត់ចំនួន យ៉ាងត្រឹមត្រូវ រួចទើបបញ្ចូលទៅក្នុងហឹបប្រធានវិញ្ញាសា និងចាក់សោដោយបិទក្ខិតក្រដាស (Sceller) លើរន្ធ សោទើបដាក់បញ្ចូលទៅក្នុងរថយន្ត ដឹកជញ្ជូនទៅកាន់គោលដៅ។

២. ក្នុងការធ្វើដំណើរទៅកាន់ទីតាំងរក្សាទុកហិប នៅតាមរាជធានី ខេត្ត មានការរក្សា ការពារ ធានាសុវត្ថិភាពក្នុងការ ដឹកជញ្ជួន មិនឱ្យមានការរំខាន ការធ្វើឱ្យបាត់បង់ ឬប៉ះពាល់ធ្វើឱ្យរហែកក្រដាសបិទក្ខិត (Sceller) លើរន្ធសោ របស់ហិបប្រធានវិញ្ញាសាឡើយ។

៣. ហិបប្រធានវិញ្ញាសាបានដឹកដល់គោលដៅ ដោយបានរួមគ្នាត្រួតពិនិត្យហើយឃើញថារក្សាបាននូវសភាពដើម ទើបអាជ្ញាធរដែនដីរៀបចំទទួលរក្សាទុកនៅទីតាំងមានការចាក់សោរត្រឹមត្រូវ និងមានកម្លាំងយាមកាម២៤ម៉ោង

ដើម្បីធានាសុវត្ថិភាពហិបប្រធានវិញ្ញាសា រហូតដល់ការបញ្ចូនបន្តទៅមណ្ឌលប្រឡងតាមការកំណត់។ ជារួម អ.ប.ព សង្កេតឃើញថា ដំណើរការដឹកជញ្ជូនហិបប្រធានវិញ្ញាសាប្រឡងប្រព្រឹត្តទៅរលូន ប្រកបដោយសុវត្ថិភាព និងគោរពទៅតាមបទប្បញ្ញត្តិ ដែលបានដាក់ចេញដោយក្រសួងអប់រំ យុវជន និងកីឡា ជាពិសេសមានការចូលរួមគាំទ្រដល់ដំណើរការការងារដោយអាជ្ញាធរដែនដីយ៉ាងសកម្មផងដែរ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបតាមការគួរ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print