ភ្នំពេញ៖ ជនសង្ស័យចំនួន៤នាក់ជាមុខសញ្ញាលួចស្លាកលេខរថយន្តនិងទទួលទិញផលចោរកម្មត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបានជាបន្តបន្ទាប់កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងមូលដ្ឋានសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា ក្រោយទទួលព័ត៌មានពីប្រជាពលរដ្ឋថាមានករណីបាត់ស្លាកលេខរថយន្ដមក នៅព្រឹកថ្ងៃសុក្រទី២៤ ខែ ធ្នូ ឆ្នាំ ២០២១ លោកវរសេនីយ៍ឯក ម៉ន វុធី អធិការនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ក្រោមការដឹកនាំពីលោក ឧត្តមសេនីយ៍ ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកងកម្លាំងចុះឆែកឆេរកាមេរ៉ាសុវត្ថិភាពតាមផ្ទះប្រជាពលរដ្ឋ រហូតដល់កំណត់មុខសញ្ញាឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់ ក្នុងនោះមានម្នាក់ជាអ្នកទទួលទិញស្លាកលេខរថយន្ដ។
ជនសង្ស័យទី១-ឈ្មោះ សួង សៅនៀវ ភេទប្រុស អាយុ៣២ឆ្នំា មុខរបរជាងសំណង់ ស្នាក់នៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ(ទទួលទិញស្លាកលេខរថយន្ដ)។
ជនសង្ស័យទី២-ឈ្មោះ ផាន សុីណា ភេទប្រុស អាយុ២៨ឆ្នំា មុខរបរកម្មករសំណង់ស្នាក់នៅបន្ទប់ជួលក្នុងភូមិអូដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ(អ្នកលួចស្លាកលេខរថយន្ដ)។
ជនសង្ស័យទី៣-ឈ្មោះអ៊ុន ប្រុស ភេទប្រុស អាយុ៣៥ឆ្នំា មុខរបរមិនពិតប្រាកដស្នាក់នៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ(ជាអ្នកលួចស្លាកលេខរថយន្ដ)។
ជនសង្ស័យទី៤-ឈ្មោះ សិត ដេឌី ភេទប្រុស អាយុ២២ឆ្នំា មុខរបរមិនពិតប្រាកដស្នាក់នៅភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ(អ្នកលួចស្លាកលេខរថយន្ដ)។ ចំណែកឯជនរងគ្រោះឈ្មោះ សៀម ស្រីលាវ ភេទស្រីអាយុ៣៤ឆ្នំា មុខរបរនៅផ្ទះ ស្នាក់នៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
សម្ភារដកហូតរួមមាន៖ ម៉ូទ័រសម្រាប់ដោះស្លាកលេខរថយន្ដចំនួន០១គ្រឿងនិងស្លាកលេខរថយន្ដចំនួន៧បន្ទះ។
បច្ចុប្បន្នជនសង្ស័យត្រូវកម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យកំពុងសាកសួរដេីម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕
ដោយ៖សុខាសែនជ័យ