មីយ៉ាន់ម៉ាបញ្ចប់ការស្វែងរកជនរងគ្រោះក្នុងហេតុការណ៍បាក់ដីនៅអណ្តូងរ៉ែត្បូង

ចែករំលែក៖

 អន្តរជាតិ៖ សារព័ត៌មាន AFP បានដកស្រង់សម្តីកម្លាំងជួយសង្គ្រោះមីយ៉ាន់ម៉ាដែលបានបញ្ជាក់ថា សកម្មភាពស្វែងរកជនរងគ្រោះក្នុងហេតុការណ៍បាក់ដីនៅអណ្តូងរ៉ែត្បូងត្រូវបញ្ចប់នៅល្ងាចថ្ងៃទី២៤ខែធ្នូ ហើយការរុករកកន្លងមកបានរកឃើញសាកសពតែ៦នាក់ប៉ុណ្ណោះ។ ប្រភពព័ត៌មានបានឱ្យដឹងថា សកម្មភាពស្វែងរកអ្នកបាត់ខ្លួនបានបញ្ចប់នៅវេលាម៉ោង១៧ ថ្ងៃទី២៤ខែធ្នូ ។ សាកសពជនរងគ្រោះត្រូវបានកប់នៅក្រោមដីរកមិនឃើញឡើយ ហើយមកទល់ពេលនេះមិនទាន់ដឹងថាចំនួនអ្នកស្លាប់ពិតប្រាកដមានប៉ុន្មាននោះឡើយ។ កន្លងមក នៅថ្ងៃទី២២ខែធ្នូ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានផ្សាយថា ការបាក់ដីមានកម្ពស់៦០ម៉ែត្រកប់កម្មករអណ្តូងរ៉ែត្បូងជាច្រើននាក់ ស្ថិតនៅក្នុងស្រុក Hpakant រដ្ឋ កាឈីន បណ្តាលឱ្យមនុស្សប្រមាណ១០០នាក់បាត់ខ្លួន។ មីយ៉ាន់ម៉ាជាប្រទេសនាំចេញរ៉ែត្បូងរហូតដល់៩០% នៃរ៉ែត្បូងប្រើប្រាស់នៅលើពិភពលោក ដោយភាគច្រើនមកពីតំបន់Hpakant ។ ប៉ុន្តែតាមការប៉ាន់ស្មានក្នុងមួយឆ្នាំៗ មានមនុស្សរាប់សិបនាក់ស្លាប់ក្នុងពេលកំពុងធ្វើការនៅអណ្តូងរ៉ែត្បូង ដោយសារតែការគ្រប់គ្រងទន់ខ្យោយមិនគោរពវិធានការសុវត្ថិភាព៕ ដោយសាធី
រូបថត៖AP.


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print