ក្រុងប៉ោយប៉ែតៈ យុវសិស្សម្នាក់ស្កាត់ពីភ្នំពេញមកប្រលងបាក់ឌុបនៅក្រុងប៉ោយប៉ែតត្រូវក្រុមក្មេងទំនើងគប់ផុងលលាដ៍ក្បាលត្រូវដឹកទៅសង្គ្ត្រោះនៅភ្នំពេញ។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ខែធ្នូឆ្នាំ២០២១នៅត្រង់ចំណុច(ហួសកន្លែងជួសជុសទូរស័ព្ទ)ផ្លូវដើមពុទ្រា ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ។
ជនរងគ្រោះឈ្មោះ ខេមរា អាយុ២១ឆ្នាំ ឪពុក ឈ្មោះ ងែវ សំណាង អាយុ៥២ឆ្នាំ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់និងក្រុងប៉ោយប៉ែត។
ប្រភពបានឱ្យដឹងថាៈ មុនកើតហេតុពួកគេបានមកពីទីក្រុងភ្នំពេញដើម្បីប្រលងបាក់ឌុបនៅខេត្តបន្ទាយមានជ័យ ប៉ុន្តែពេលមកដល់ក្រុងប៉ោយប៉ែតពួកគេ បាននាំគ្នាទៅហូបស៊ុប រួចជិះម៉ូតូសំដៅទៅផ្ទះវិញ ហើយបានជួបមិត្តភក្តិផ្សេងទៀតជិះម៉ូតូ២គ្រឿង ក៏ឈប់ជជែកគ្នាបន្តិចទើបបែកគ្នា។ លុះមួយសន្ទុះក្រោយមកពេលមកដល់ត្រង់ចំណុចតើកហេតុក៏ស្រាប់តែមានម៉ូតូ១គ្រឿងជិះក្នុងល្បឿនលឿនមកពីទិសខាងលិចបានគប់វត្ថុរឹងពីក្រោយបណ្តាលឱ្យត្រូវជនរងគ្រោះដែលជិះពីក្រោយតែម្ដង។ ក្រោយកើតហេតុមិត្តភក្តិរបស់គាត់បាននាំទៅគ្លិនិកឯកជនមួយកន្លែងក្បែរទីតាំងកើតហេតុ តែដោយសភាពរបួសធ្ងន់ធ្ងរ និងមានឈាមហូរច្រើនមកក្រៅមិនឈប់ក៏បញ្ជូនទៅព្យាបាលនៅមន្ទីរព្រះពេទ្យព្រះសង្ឃក្នុងទីក្រុងភ្នំពេញ។
ម្ចាស់គ្លីនិកបានឱ្យដឹងថា ស្ថានភាពអ្នកជំងឺគឺផុងលលាដ៍ក្បាលដោយត្រូវនឹងវត្ថុរឹង។ លោកគ្រូពេទ្យថា អ្នកជំងឺត្រូវតែ ទៅសង្គ្រោះជាមួយគ្រូពេទ្យជំនាញនៅរាជធានីភ្នំពេញ ។
គិតមកដល់ម៉ោងនេះសមត្ថកិច្ចមិនទាន់រកមុខឃើញជនដៃដល់នៅឡើយទេ ។ ចំណែកឪពុកជនរងគ្រោះបានឱ្យដឹងថា កូនប្រុសរបស់គាត់នឹងខកខានប្រលងយកសញ្ញាបត្របាក់ឌុប១ឆ្នាំហើយ ។គាត់ថា សមត្ថកិច្ចនឹងមានតម្រុយលើជនសង្ស័យជាមិនខាន៕
លោកអធិការក្រុងប៉ោយប៉ែតសៅ សារឿនបញ្ជាក់ថាៈករណីខាងលើនោះលោកបានដឹងដែរ តែពេលនេះលោកបានឲ្យកម្លាំងជំនាញចុះស្រាវ
ជ្រាវមួយថ្ងៃមកហើយ។លោកបញ្ជាក់ថាៈជនរងគ្រោះបានជិះម៉ូតូមានគ្នាពីរនាក់ទៅហូបស៊ុបក៏ត្រូវក្មេងទំនើងយកដុំឥដ្ឋគប់បណ្ដាលឱ្យរងរបួសតែម្ដង៕ វណ្ណា