ភ្នំពេញ៖ ករណីអគ្គិភ័យដែលបានលេបត្របាក់ផ្ទះប្រពលរដ្ឋ កាលពីវេលាម៉ោង៨ និង៤៥នាទីយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៦ កើតឡើងនៅផ្ទះលេខ១១៧៩B ផ្លូវលំ ភូមិព្រែកតានូ សង្កាត់ចាក់ អង្រែលើ ខណ្ឌមានជ័យ ដែលមានម្ចាស់ផ្ទះឈ្មោះ ឡុង វិសារ៉ានីម៉ុល ភេទស្រី អាយុ៤៦ឆ្នាំ មុខរបរយោធា ហើយក៏បានឆេះ រាលដល់ផ្ទះជិតខាងថែមទៀតសរុប៥៥ខ្នង ផ្ទះស្មើនឹង៥៥គ្រួសារ តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតពលរដ្ឋនោះទេ។
នេះបើតាមការអះអាងរបស់លោកវរសេនីយ៍ទោ តេង ស៊ីណូ អធិការនគរបាលខណ្ឌមានជ័យកាលពីព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០១៦។
លោកអធិការបន្ថែមថា ក្នុងនោះកងកម្លាំងសមត្ថកិច្ចយើងបានប្រើប្រាស់រថយន្តអគ្គិភ័យចេញ ជួយអន្តរាគមន៍ចំនួន៣៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៧៦ឡាន ក្នុងនោះរថយន្តបង្ការពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានី២៦គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៥៥គ្រឿង រថយន្តអគ្គិភ័យកងរាជអាវុធហត្ថក្រុង១គ្រឿង ប្រើប្រាស់ទឹក៣គ្រឿង រថយន្តអគ្គិភ័យកោះពេជ្រ៣គ្រឿង ប្រើប្រាស់ទឹក១២គ្រឿង និងរថយន្តអគ្គិភ័យខេត្តកណ្តាល៣គ្រឿង ប្រើប្រាស់ទឹក៩គ្រឿងផងដែរ។
ពាក់ព័ន្ធនិងមូលហេតុដែលបណ្តាលឲ្យកើតមានអគ្គិភ័យនេះ លោកអធិការក៏ប្រាប់ថា មិនទាន់ដឹងមូលហេតុនៅឡើយនោះ តែនៅព្រឹកថ្ងៃទី១៥ខែមេសានេះ សមត្ថកិច្ចជំនាញយើងនឹងសហការគ្នាចុះស្រាវជ្រាវរកមូលហេតុថាតើវាផ្តើមចេញពីអ្វី។ លោកថា នៅតំបន់នេះជាតំបន់ ស្មុគស្មាញផ្ទះសង់ជាប់ៗគ្នាឈើលើថ្មក្រោម។
គួររំលឹកផងដែរថា ករណីអគ្គិភ័យបានកើតមានឡើង២ ករណីហើយនៅដើមឆ្នាំ២០១៦ នៅខណ្ឌមានជ័យនេះ៕
ដោយ៖ តាឡឹម