ខេត្តសៀមរាប : លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុក បន្ទាយស្រី នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ បានថ្លែងថា, សម្រាប់អ្នកធ្លាប់ជិះកាត់ភូមិព្រះដាក់ ប្រហែលជាធ្លាប់បានឃើញតូបលក់នំចៀនមួយនេះនៅនឹងកែងផ្លូវ៦៧ ផ្លូវបត់ឡើងទៅប្រាសាទបន្ទាយស្រី។ ដោយសារតែជាផ្លូវដែលខ្ញុំជិះឆ្លងកាត់សឹងតែជារៀងរាល់ថ្ងៃ ខ្ញុំតែងឈប់ទិញនំរបស់គាត់ហូបជារឿយៗ ម្តងហើយម្តងទៀតរហូតទាល់តែបានស្គាល់គ្នាព្រោះនំគាត់ឆ្ងាញ់។ ថ្ងៃមួយក៏ដាច់ចិត្តប្រាប់គាត់ត្រង់ៗ ថានំនេះធ្វើបានឆ្ងាញ់ហើយ ទីតាំងក៏ល្អទៀត គេជិះកាត់ងាយមើលឃើញណាស់ ប៉ុន្តែអន់ម្យ៉ាងត្រង់មិនសូវមានអនាម័យបន្តិច ត្រង់មិនមានអីគ្របពីលើព្រោះគាត់លក់របស់ហូបចុក ហើយផ្លូវមួយនេះ បើទោះជាផ្លូវបេតុងក៏ដោយក៏នៅតែមានដីហុយដីដែរ ដោយសារមានចរាចរណ៍ឆ្លងកាត់ច្រើន។ គាត់តែងតែលើកហេតុផលច្រើនយ៉ាងថាធ្វើមិនបាន ម្តងថាអត់លុយ ម្តងទៀតថាដាក់ទូរកញ្ចក់ទៅវាស្វិតខូចនំ ស្រអាប់ទូកញ្ចក់ ធ្វើការបំពងនំមិនកើត។
លោកបន្តថា, តែក្រោយពីព្យាយាមច្រើនដង ថ្ងៃមួយខ្ញុំជិះកាត់តូបគាត់ ក៏ស្រាប់តែឃើញទូរកញ្ចក់កាត់ហើយថ្មីៗ មានតាំងនំទើបធ្វើរួចក្តៅៗយ៉ាងមានរបៀប ហើយថែមទាំងមានបិតសញ្ញាQR Codeនៅលើទូសម្រាប់ឱ្យទូទាត់លុយតាមABA និងWingថែមទៀតផង។ ឃើញហើយក៏លួចញញឹម ហើយក៏ចុះទៅលើកទឹកចិត្តគាត់ដែលបានយល់ព្រមផ្លាស់ប្តូរការគិត និងហ៊ានទទួលយកគំនិតថ្មី។ ខ្ញុំក៏បានក្លាយជាអតិថិជនរបស់គាត់ជាប្រចាំចាប់តាំងពីពេលនោះ ហើយសន្យាជាមួយគាត់ថា ថ្ងៃណាមួយនឹងជួយផ្សព្វផ្សាយតូបរបស់គាត់ម្តង។
លោកអភិបាលបានបញ្ជាក់ថា, តែពេលបានឃើញតូបលក់ចេកចៀនមួយនេះអាចផ្លាស់ប្តូរក៏លួចស្រមៃថា ប្រសិនបើបងប្អូនអ្នកលក់មាន់អាំងកង្កែបបោបទាំងអស់នៅក្នុងភូមិព្រះដាក់ព្រមយកគំរូតាមបែបនេះ មិនដឹងជាល្អយ៉ាងណាទេ ហើយបើចេះជួតសក់ក្បាល ពាក់ស្រោមដៃរបាំងមុខ និងងាកមកប្រើស្លឹកឈូកស្លឹកចេក និងខ្សែសង្វារចេកសម្រាប់ការវេចខ្ចប់ទៀតនោះនឹងរឹតតែប្រសើរហើយ។ មាន់អាំងកង្កែបោបសុទ្ធតែជារបស់ដែលមានប្រលាក់គ្រឿង ងាយនឹងមានធូលីដីហើរមកជាប់ និងរុយរោមទុំរួចពងដាក់ពីលើណាស់ ជាពិសេសប្រសិនបើយើងអាំងរួចហើយដោតដាក់តម្បុតទុកចោលហាលវាល។ ទោះបីពេលមានគេទិញយកទៅហូប អាចកម្តៅឡើងវិញក៏ដោយ ក៏ភាពគគ្រិចទាំងនេះមិនទៅណាដែរ ញាំហើយអាចធ្វើឱ្យឈឺពោះរាគរុះបាន។
លោកបន្តថា, សង្ឃឹមថាថ្ងៃណាមួយ ពុកម៉ែបងប្អូនអ្នកលក់ម្ហូបតាមចិញ្ចើមថ្នល់នៅក្នុងស្រុកបន្ទាយស្រីនឹងចាប់យកស្តង់ដាអនាម័យថ្មីមួយ ដើម្បីឱ្យស័ក្តិសមជាអ្នកលក់ម្ហូបអាហារនៅក្នុងស្រុកទេសចរណ៍ ហើយទាំងភ្ញៀវជាតិ និងអន្តរជាតិក៏អាចទទួលយកបាន។ រដ្ឋបាលស្រុកនឹងត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តល់ការគាំទ្រសម្របសម្រួលលើការងារទាំងនេះ។
#អនាម័យម្ហូបអាហារជនបទ | #ផ្នត់គំនិតបដិសណ្ឋារកិច្ច៕