ភ្នំពេញ : ក្រសួងអប់រំយុវជននិងកីឡា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជាក់ថា, មណ្ឌលសំណេរគ្រប់រាជធានី – ខេត្ត បញ្ជីឈ្មោះ លេខតុ លេខបន្ទប់បេក្ខជន តារាងប្រព្រឹត្តទៅនៃវិញ្ញាសា បទប្បញ្ញត្តិប្រឡង និងប្លង់បន្ទប់ ត្រូវបានបិទនៅតាមគ្រប់មណ្ឌលប្រឡងទូទាំង២៥រាជធានី-ខេត្ត នាព្រឹកថ្ងៃអាទិត្យ ទី២៦ ខែធ្នូ ឆ្នាំ២០២១នេះ។ ក្រសួងអប់រំយុវជននិងកីឡាបានលើកឡើងថា, សិស្សានុសិស្សទាំងអស់ដែលត្រូវប្រឡង តម្រូវឱ្យពាក់ម៉ាស់ វាស់កម្តៅទទួលស្ទីកឃ័រសុខភាពកម្តៅធម្មតា ដែលនេះជាការអនុវត្តតាមសេចក្ដីណែនាំប្រតិបត្តិស្ដីពីវិធានការសុខភាព និងសុវត្ថិភាពសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីធានាបានថា ការប្រឡងប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព ចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។
សូមជម្រាបថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១ នេះមានមណ្ឌលប្រឡងសរុប ២០៤មណ្ឌល ត្រូវជា ៤៦១៦បន្ទប់ បេក្ខជនចុះឈ្មោះប្រឡងសរុប ១១៤១៨៣ ស្រី៦០៣៩៧នាក់ គណៈមេប្រយោគ និងគណៈកម្មការនានាចូលរួមក្នុងដំណើរការប្រឡងមានចំនួន ៣១៤៣២នាក់៕
ដោយ : សិលា