ភ្នំពេញ, សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សិស្សដែលមានវិជ្ជមានកូវីដ-១៩ សម្ដេចអនុញ្ញាតអោយប្រលងបាក់ឌុបធម្មតា នៅមន្ទីរពេទ្យតែម្ដង ដោយមានគ្រូពេទ្យ និងគ្រូ អនុរក្ស នៅតាមដានស្ថានភាព។ សម្តេចតេជោ ហ៊ុនសែន បាន មានប្រសាសន៍ក្នុងពិធីអញ្ជើញ អញ្ជើញទទួលវ៉ាក់សាំង Pfizer ជំនួយរបស់រដ្ឋាភិបាលអូស្រ្តាលី ២.៣លានដូស ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានលើកឡើងថា អំណោយរបស់អូស្ត្រាលីនាពេលនេះ ជាកាយវិការដ៏ល្អប្រពៃ ដែលចូលរួមក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩ ខណៈរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់លើការទប់ស្កាត់ការរាលដាលកូវីដ-១៩ និងចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋ។
សម្តេចតេជោ ហ៊ុន សែន អំពាវនាវអោយពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តតាមវិធានការការពារ ខណៈវីរុសបំប្លែងថ្មី «អូមីក្រុង» មានការឆ្លងលឿន ជាងវីរុសបំប្លែងថ្មីដែលតា និង អាល់ហ្វា។
សម្តេចតេជោ ហ៊ុន សែន លើកឡើងថា នៅថ្ងៃនេះមានករណីឆ្លងថ្មី កូវីដ-១៩ចំនួន១៥ករណី ជាករណីនាំចូលមកពីក្រៅប្រទេស ប្រភេទអូមីក្រុង ដែលនាំអោយករណីឆ្លងវីរុសកូវីដ១៩អូមីក្រុងនៅកម្ពុជាកើនដល់៣១នាក់ ក្នុងនោះ៣នាក់បានជាសះស្បើយហើយ។
សូមបញ្ជាក់ថា, នៅរាត្រី ថ្ងៃអាទិត្យ ៧រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញ ទៅទទួលវ៉ាក់សាំង Pfizer ជំនួយរបស់រដ្ឋាភិបាលអូស្រ្តាលីចំនួន ២.៣លានដូសនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។
កម្ពុជាគឺជាប្រទេសដែលរកបានវ៉ាក់សាំងបានលឿនសម្រាប់ចាក់ជូនប្រជាពលរដ្ឋ ។ តាមរយៈផែនការមួយច្បាស់លាស់ទាំងការ ទិញជំនួយពីប្រទេសជាមិត្តនិងមជ្ឈមណ្ឌលកូវ៉ាក់នោះមកដល់ពេលនេះកម្ពុជារកបានវ៉ាក់សាំងសរុបជាង ៤០ លានដូស»។
ភាពជោគជ័យរបស់កម្ពុជាលើការរកបានវ៉ាក់សាំងនិងការសម្រេចចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានស្ទើរតែ ១០០ ភាគរយលឿនជាងផែនការគ្រោងទុកនេះ នាំឱ្យអង្គការសុខភាពពិភពលោក អង្គការដៃគូអភិវឌ្ឍន៍និងប្រទេសជាច្រើនបង្ហាញនូវការស្ញប់ស្ញែងនិងកោតសរសើរចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាលើការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ធ្វើឱ្យកម្ពុជាឆ្លងផុតពីហានិភ័យនិងការរាតត្បាតនៃជំងឺកូវីដ-១៩ ហើយកំពុងបើកប្រទេសជាតិឡើងវិញគ្រប់វិស័យផងដែរ៕
ដោយ : សិលា