ខេត្តឧត្តរមានជ័យ ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែង សហការជាមួយកម្លាំងប៉ុសិ៍នគរបាលរដ្ឋបាលឃុំថ្លាត និងកម្លាំងរដ្ឋបាលព្រៃឈើស្រុក ដឹកនាំរួមដោយលោក វុន ប៊ុនធឿន នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុក បានចុះបង្ក្រាប ការដឹកជញ្ជូនផលអនុផលព្រៃឈើគ្មានច្បាប់ (ឈើលេខ២) មួយករណីរឹបអូសឈើអាររួចជិត៥ម៉ែត្រគូបនិងគោយន្តកន្រ្តៃមួយគ្រឿង។
ប្រតិបត្តិការនេះប្រព្រឹត្តទៅនៅ យប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ស្ថិតនៅភូមិស្វាយចេក ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
មន្រ្តីកងរាជអាវុធហត្ថដែលចុះប្រតិបត្តិការខាងលើនេះបានឲ្យដឹងថា នៅយប់ខាងលើសមត្ថកិច្ចចម្រុះបានឃើញគោយន្តកន្ត្រៃ០១គ្រឿងបានដឹកឈើអាររួចប្រភេទឈើលេខ២
ឆ្លងកាត់ចំណុចភូមិស្វាយចេកក៏ឃាត់សួរនាំតែត្រូវម្ចាស់គោយន្តភ័យបានគេចខ្លួនបាត់ទើបដឹងថាការដឹកជញ្ជូនឈើនេះគ្មានច្បាប់ទម្លាប់ត្រឹមត្រូវ។ ពេលនោះសមត្ថកិច្ចចម្រុះបានវាស់វែងឃើញឈើទាំងអស់មានចំនួន៤,៨១៥ម៉ែត្រគូប ក៏បានយកមករក្សាទុកនៅសាលាស្រុកអន្លង់វែង ដើម្បីចាត់ការតាមនីតិវិធី៕