ភ្នំពេញ: រថយន្តឡិចស៊ីសមួយគ្រឿងដែលម្ចាស់ចតស្ងៀមលយមកលើដងផ្លូវនៅមុខយានដ្ឋានមួយកន្លែងត្រូវបានបុរសម្នាក់ជិះម៉ូតូបុកពីក្រោយពេញទំហឹងបណ្ដាលឱ្យរងការខូចខាត និងរងរបួសបែកចង្កា។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២រំលងអធ្រាត្រឈានចូលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចមុខយានដ្ឋានមួយកន្លែងតាមបណ្ដោយផ្លូវឧកញ៉ាម៉ុងរិទ្ធី ខាងលិចបុរីជីបម៉ុង ប្រមាណជិត១០០ម៉ែត្រស្ថិតក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តឡិចសុីស RX330 ពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BI-3938 ចតស្ងៀមនៅចំណុចទីតាំងកើតហេតុតាំងពីក្បាលព្រលប់ក្នុងទិសដៅពីកើតទៅលិច។ លុះដល់ម៉ោងកើតហេតុខាងលើ៏ក៏មានបុរសម្នាក់ជិះម៉ូតូអឹមអេសអេចពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខភ្នំពេញ2GB-0552ធ្វើដំណើរពីកើតទៅលិចជ្រុលទៅបុករថយន្តឡិចសុីសពីក្រោយចំហៀងខាងឆ្វេងពេញទំហឹងបណ្ដាលឱ្យជនរងគ្រោះបោកក្បាលនឹងកញ្ចក់រថយន្តខាងក្រោយបែកខូចខាតទាំងស្រុង ឯជនរងគ្រោះបែកចង្កាខាងក្រោមហូរឈាមរងរបួសយ៉ាងដំណំ។
ក្រោយកើតហេតុភាគីទាំងសងខាងបានធ្វើការសម្របសម្រួលគ្នាអស់រយៈពេលយ៉ាងយូរ ដោយមិនត្រូវគ្នា ទើបទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកជួយធ្វើអន្តរាគមន៍ ដោយឱ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាបន្តទៀត ក្រោយមកភាគីទាំងពីរបានធ្វើការសម្របសម្រួលគ្នាបញ្ចប់រឿងនៅកន្លែងហេតុ៕
ដោយ៖សុខាសែនជ័យ