ស.រ.អា.៖ ផ្ទះរាប់រយខ្នងនៅតំបន់ Boulder រដ្ឋ Colorado អាមេរិកបានរងការបំផ្លាញដោយភ្លើងឆេះព្រៃ ។ មន្ត្រីក្នុងតំបន់បានឱ្យដឹងថា ភ្លើងព្រៃបានឆេះរាលដាលជាង ៦,៥គីឡូម៉ែត្រហើយ ដោយមិនទាន់អាចគ្រប់គ្រងបានឡើយ។ សារព័ត៌មានរ៉យទ័របានផ្សាយថា ភ្លើងឆេះព្រៃដ៏អាក្រក់ កាលពីថ្ងៃ៣០ខែធ្នូ បានបំផ្លាញផ្ទះសម្បែងរាប់រយខ្នង, បង្កឱ្យប្រជាជនមួយចំនួនរងរបួស និងបានបង្ខំឱ្យមានការជម្លៀសប្រជាជនរាប់ម៉ឺននាក់ទាំងនៅក្នុងនិងនៅជុំវិញក្រុងចំនួន២ ដែលស្ថិតនៅភាគខាងកើតក្បែរទីក្រុងឌែនវើ (Denver)។ លោក Joe Pelle មន្រ្តីប៉ូលិសតំបន់ Boulder County បានឱ្យដឹងថា ភ្លើងឆេះព្រៃដែលកំពុងឆាបឆេះរាលដាលយ៉ាងឆាប់រហ័ស នេះត្រូវគេជឿថាបានកើតចេញមកពីផ្កាភ្លើងចេញពីខ្សែថាមពលអគ្គិសនី និងឧបករណ៍បំប្លែងចរន្តអគ្គិសនី ដែលដួលរលំដោយសារខ្យល់បក់ខ្លាំង នៅតំបន់ជួរភ្នំFront Range នៃរដ្ឋ Colorado។ បើតាមការិយាល័យគ្រប់គ្រងគ្រាអាសន្នរបស់តំបន់ Boulder County បានឱ្យដឹងថា បទបញ្ជាជម្លៀសត្រូវបានចេញជាលើកដំបូង សម្រាប់ប្រជាជនទាំងអស់នៅក្នុងក្រុងស៊ូភើរៀរ (Superior) នៃរដ្ឋ Colorado ដែលមានមនុស្សរស់នៅប្រហែល ១៣,០០០នាក់ ហើយក្រោយមក ក៏ត្រូវបានចេញសម្រាប់ប្រជាជនទាំងអស់ នៅក្នុងក្រុងដែលនៅក្បែរគ្នា គឺទីក្រុងល្វីសវៀល (Louisville) ដែលមានប្រជាជនជាង ១៨,០០០នាក់។ ទីភ្នាក់ងារឧតុនិយមអាមេរិកបានឱ្យដឹងថា ខ្យល់បក់ខ្លាំងរហូតដល់ ១៧៧គីឡូម៉ែត្រក្នុងមួយម៉ោង ត្រូវបានរាយការណ៍នៅក្នុងតំបន់ Boulder County ហើយភ្លើងឆេះព្រៃកំពុងបង្កើតស្ថានភាពគំរាមកំហែងដល់អាយុជីវិតរបស់ប្រជាជន នៅក្នុងក្រុង Superior និង Louisville៕ ដោយសាធី
រូបថត៖AFP.