ខេត្តកណ្តាល : នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២២ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តណ្តាល មានកិត្តិយសសូមឆ្លើយតបបំភ្លឺជូនសាធារណជន និងគណនីហ្វេសប៊ុកឈ្មោះ ”Srey Lin” ដែលបានបង្ហោះវីដេអូនិងបានសរសេរខ្លឹមសារថា៖ “អាណិតណាស់ មើលទៅគាត់ដូចជាមនុស្សស្លូតណាស់ ទុកចិត្តគេព្រោះគាត់ជាមនុស្សត្រង់ បានចាញ់បោកគេ (ស្នេហាតាម Facebook)”។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត បានចាត់ឲ្យលោកអធិការនគរបាលស្រុកមុខកំពូលស្រាវជ្រាវបំភ្លឺករណីខាងលើ។
ជាលទ្ធផល ៖ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៥និង០០នាទី លោកវរសេនីយ៍ឯក ឯក លន់ អធិការនគរបាលស្រុកមុខកំពូល បានបញ្ជាកម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដំបង ធ្វើការស្រាវជ្រាវ និងចុះដល់ផ្ទះឈ្មោះ ឃុន រស់ ភេទស្រី អាយុ៧៣ឆ្នាំ ជនជាតិខ្មែរ ស្ថិតក្នុងភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ដែលត្រូវជាម្ដាយឈ្មោះ ផេង ថាត ភេទស្រី អាយុ ៤៥ឆ្នាំ មុខរបរកម្មករ (រាជធានីភ្នំពេញ) ដែលមានផ្ទះនៅជិតគ្នាជាមួយផ្ទះម្តាយ ហើយមានកូនប្រុសម្នាក់ស្នាក់នៅរាល់ថ្ងៃ។
តាមការបំភ្លឺពីលោកយាយ ឃុន រស់ បានប្រាប់សមត្ថកិច្ចថា ដើមឡើយកូនស្រីគាត់ ឈ្មោះ ផេង ថាត មានប្ដីឈ្មោះ កែវ ចិន្ដា ភេទប្រុស អាយុប្រហែល ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនគរបាលវរៈព្រំដែន ខេត្តព្រះវិហារ មានកូន ០៤នាក់ ស្រី០២នាក់ ហើយនៅឆ្នាំ២០១៥ បានលែងលះគ្នា។ ក្រោយពីលេងលះប្តីរួចឈ្មោះ ផេង ថាត បានទៅធ្វើការសំណង់នៅភ្នំពេញ និងបានដើរទិញអែតចាយផង និងរើសអែតចាយផង។ នៅឆ្នាំ២០២០ ឈ្មោះ ផេង ថាត ក៏បានស្គាល់គ្នាជាមួយបុរសម្នាក់ទៀត ឈ្មោះ ហឿន ភេទប្រុស អាយុប្រហែល ៤៧ឆ្នាំ ជនជាតិខ្មែរ រស់ខេត្តព្រៃវែង តាមរយៈការធ្វើកម្មករសំណង់ជាមួយគ្នានៅភ្នំពេញ ដោយមិនបានរៀបការ ឬសែនទេ។ លុះដល់ឆ្នាំ២០២១ គាត់ក៏បានបែកបាក់គ្នាជាមួយឈ្មោះ ហឿន ដោយសារមូលហេតុប្រើអំពើហឹង្សាមកលើគាត់។ បន្ទាប់ពីបែកបាក់គ្នារួចដល់ខែសីហា ឆ្នាំ២០២១ ឈ្មោះ ផេង ថាត បានទៅធ្វើការស៊ីឈ្នួលគេនៅតាមផ្ទះ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីបានប្រាក់យកមកសងបំណុលធនាគារ។
ដោយឡែកនៅក្នុងវីដេអូដែលបានផ្សព្វផ្សាយនោះឈ្មោះ ផេង ថាត បានរៀបរាប់ថា គាត់បានស្គាល់គ្នាជាមួយបុរសម្នាក់តាមឆាត បានជាងមួយខែ មានទីលំនៅមិនពិតប្រាកដ នៅខេត្តស្វាយរៀង ហើយក៏បានណាត់ជួបនិងឌុបគ្នាថាទៅលេងផ្ទះខ្លួននៅខេត្តស្វាយរៀង លុះពេលជិះដល់ម្តុំកអណ្តើក ខេត្តព្រៃវែង បុរសនោះបានឲ្យគាត់ចុះដើរ និងជិះម៉ូតូគេចខ្លួនបាត់ បានឆបោកនិងលួចយកកាបូបខោអាវមួយ ទៅជាមួយ ដោយនៅក្នុងការបូបនោះមាន លុយជាង៣០ម៉ឺនរៀល ទូរស័ព្ទ ម៉ាកOPPO 11pro ចំនួន០១គ្រឿង អត្តសញ្ញាណប័ណ្ណចំនួន០១ កាតចាក់វ៉ាក់សាំងចំនួន០១ និងកាត ATM ធនាគារ ABAចំនួន០១។
ចំពោះឈ្មោះ ផេង ថាត សមត្ថកិច្ចបានទំនាក់ទំនងសួររកអាសយដ្ឋានកន្លែងគាត់ធ្វើការ និងលេខទូរសព្ទដើម្បីសួរព័ត៌មានឲ្យបានច្បាស់ តែមិនមានអាសយដ្ឋាន និងលេខទូរស័ព្ទទំនាក់ទំនងទៅគាត់នោះទេ ព្រោះគាត់យូរៗបានមកលេងផ្ទះម្តង ហើយមិនបានប្រាប់កន្លែងធ្វើការរបស់គាត់ និងលេខទូរស័ព្ទទៅម្តាយ កូនគាត់សម្រាប់ទំនាក់ទំនងនោះដែរ។
ករណីនេះ សមត្ថកិច្ចជំនាញពាក់ព័ន្ធបន្តស្រាវជ្រាវ និងព្យាយាមទំនាក់ទំនងទៅឈ្មោះ ផេង ថាត ដើម្បីសួរព័ត៌មានឲ្យបានច្បាស់ ដើម្បីកំណត់អត្តសញ្ញាណជនសង្ស័យយកមកចាត់ការតាមច្បាប់។
អាស្រ័យហេតុនេះ សូមសាធារណជន ដែលប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាបជាព័ត៌មាន៕