ខេត្តពោធិ៍សាត់៖ កុមារី២នាក់បានលង់ទឹកស្លាប់ យ៉ាងអាណោចអាធ័ម ខណៈពួកគេនាំគ្នាទៅលេងទឹកធ្លាក់ជាលក្ខណៈ គ្រួសារក្រោយពីចប់បុណ្យឆ្លងចូលឆ្នាំនៅវត្តថ្មដា ក្បែរនោះ។
ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៦ នៅស្ទឹងមេទឹក ត្រង់ចំណុចទឹកធ្លាក់ឫឆាយដាច់ ស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
អាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា កុមារីរងគ្រោះ ទី១-ឈ្មោះបូរ សុខហៀង អាយុ ១០ឆ្នាំ រស់នៅក្នុងបន្ទុកឪពុកម្ដាយឈ្មោះ កង បែន និងម្ដាយឈ្មោះ ពៅ រ៉ា មានទីលំនៅភូមិកណ្ដាល ឃុំថ្មដា ស្រុកវាលវែង និងទី២-ឈ្មោះ ភន ស្រីនីត អាយុ ៨ឆ្នាំ ឪពុកឈ្មោះ ឃន សំអុល និងម្ដាយឈ្មោះ ផន សុភាព មានទីលំនៅភូមិឃុំជាមួយគ្នា ។
ប្រភពពីអាជ្ញាធរបន្ដថា ក្រោយកើតហេតុ សមត្ថកិច្ចបានចុះស្រាវជ្រាវឃើញថា មុនកើតហេតុកុមារីរងគ្រោះ និងក្រុមគ្រួសារឪពុកម្ដាយបានមកចូលរួមកម្មពិធីបុណ្យឆ្លងស្រង់ទឹកព្រះ ជាថ្ងៃបុណ្យឆ្លងចប់ចូលឆ្នាំនៅ (វត្តថ្មដា) ពេលបុណ្យចប់នាំគ្នាំទៅលេងទឹកធ្លាក់ត្រង់ចំណុចកើតហេតុ ដោយមានប្រជាពលរដ្ឋមកចូលរួមកំសាន្តយ៉ាងច្រើនកុះករអ្នកខ្លះហែលឬជិះទូកលេងតាមទឹករាក់ ឬជ្រៅ ដែលកន្លែងខ្លះមានជុំរៅត្រឹមជង្គង់ ចង្កេះ ករ អន្គង់ជ្រៅៗខ្លះដែរ ។
ប្រភពបន្ដទៀងថា មូលហេតុ នៃការលង់ទឹកមិនមានការអះអាងច្បាស់លាស់នោះទេ ដោយអ្នកខ្លះនិយាយថា កុមារីរងគ្រោះជិះទូក អ្នកខ្លះទៀតនិយាយថា មិនជិះទូកទេ គឺលេងទឹករាក់ៗ តែរអិលជើងធ្លាក់ចូលអន្លង់ជ្រៅៗ នៅគ្រាដែលឪពុកម្ដាយធ្វេសប្រហែសខណៈមានមនុស្សម្នាយ៉ាងច្រើនកុះករ លុះពេលមានអ្នកលេងទឹកជាមួយគ្នាមើលឃើញក្រណាត់ខោពណ៍ក្រហមព្រឿងៗ នៅបាតដី ហើយទាញមកឃើញសព ទើបនាំគ្នាឆោឡោឡើង នាំគ្នាឡើងពីទឹកទើបដឹងថា បាត់កុមារីម្នាក់ទៀត រាវរកឃើញនៅគ្រលៀតថ្មស្លាប់ទាំង២នាក់យ៉ាងអាណោចអាធ័ម ។
ប្រភពដដែលបញ្ជាក់ទៀតថា ក្រោយពីសមត្ថកិច្ចពិនិត្យយ៉ាងម៉ត់ចត់រួចមក មិនឃើញជាប់ពាក់ព័ន្ធ នឹងករណីផ្សេងៗ ហើយពិតជាដោយសារលង់ទឹកពិតប្រាកដ ក៏បានប្រគល់សពឲ្យក្រុមគ្រួសារយកទៅចាត់ចែងតាមប្រពៃណី ៕
ដោយ៖ ប៉ឹម ពិន