ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ខណៈដែលបើកម៉ូតូលឿនពេកជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ រួចបន្តទៅបុកបង្គោលភ្លើងថែមទៀត។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៧១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគាត់បានឃើញយុវជនម្នាក់បើកម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ស៊េរីឆ្នាំ២០២២ ពណ៌ក្រហម មិនទាន់មានស្លាកលេខ បើកតាមបណ្តោយផ្លូវលេខ២៧១ ក្នុងទិសដៅពីលិចមកកើតយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុបានរេចង្កូតម៉ូតូមកខាងឆ្វេងដៃ ជ្រុលទៅកៀររបាំងថ្មពុះចែកទ្រូងផ្លូវ ហើយជ្រុលទៅបុកបង្គោលភ្លើងថែមទៀតបណ្តាលឱ្យដួលបោកក្បាលនឹងបង្គោលភ្លើងបំភ្លឺផ្លូវស្លាប់នៅនឹងកន្លែង ចំណែកឯម៉ូតូខ្ទាតទៅមុខចម្ងាយប្រមាណជាង៥០ម៉ែត្រ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកយកម៉ូតូជនរងគ្រោះទៅរក្សាទុករង់ចាំសាច់ញាតិមកទទួលយក។ ចំណែកសពសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ឱ្យរថយន្តសាមុយ ដឹកយកទៅតម្កល់ទុកនៅវត្តរង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ជ្រោយពេជ្រ