ភ្នំពេញ : អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ និងជាមន្ត្រីជាន់ខ្ពស់នៃរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច
នៅរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២២នេះ បានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោក សាដា អ៊ូម៉ា អាឡាម នាយកការិយាល័យ នៅភ្នំពេញ និងជាតំណាងអង្គការយូណេស្កូប្រចាំកម្ពុជា។
លោកថ្លែងថា, យើងនឹងឈានទៅសហការរួមគ្នា៣ចំណុចរួមមាន៖
១- ការងារអភិវឌ្ឍនិងអភិរក្សវប្បធម៌នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប
២- ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង
៣- សិក្សាស្រាវជ្រាវអំពីជីវចម្រុះ និងផលប៉ះពាល់នៃបឹងទន្លេសាប ។
សូមរម្លឹកថា, លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩កន្លងទៅ បានព្រលះដល់អ្នកវិភាគមួយចំនួន ដែលបានរិះគន់ និងបង្ហាញការព្រួយបារម្ភផ្សេងៗ ចំពោះការវិនិយោគរបស់ចិន នៅក្នុងប្រទេសកម្ពុជា។
ការលើកឡើងរបស់ លោកបណ្ឌិត សុខ ទូច បានធ្វើឡើងតាមរយៈបឋកថាមួយ ស្តីពី «រដ្ឋាភិបាលដើមស្រល់» ដែលរៀបចំឡើងនៅរាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩កន្លងទៅនោះ។
អង្គភាព”នគរដ្រេហ្គន” នៅចាំប្រសាសន៍លើកឡើង របស់លោកបណ្ឌិត សុខ ទូច បានពន្យល់ថា ចិនមកកាន់កម្ពុជាពេលនេះ មិនដូចចិនដែលមកកាន់កម្ពុជា កាលពីអតីតកាលនោះទេ។ លោកថ្លែងថា ចិនពីអតីតកាលមកកម្ពុជាដោយហែលទឹក ហើយចិនជំនាន់៧៩ យកមនោគមន៍វិជ្ជាមកឱ្យកម្ពុជា ប៉ុន្តែចិនសម័យនេះ យកអគារខ្ពស់ៗ និងការវិនិយោគទុនមកកម្ពុជា។
លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «ប៉ុន្តែសតវត្សទី២១ សម័យតេជោសែន ចិនមិនមែនយកអាហ្នឹង (មនោគមន៍វិជ្ជា) មកដាក់ទេ ចិនយកផ្ទះ៣០ ៤០ជាន់ ៦០ជាន់ ហើយកុំសង្ឃឹមចិនយួរយកទៅវិញ យួរទៅមិនរួចទេ»។
លោកបានបន្តថា៖ «សូមឱ្យអ្នកវិភាគពិចារណាឡើងវិញ សុទ្ធតែចិនអញ្ចេះចិនអញ្ចុះ តើមានប៉ុន្មាននាក់កាន់ប៉ាស្ព័រខ្មែរ និងកាន់អត្តសញ្ញាណបណ្ណខ្មែរ បើមិនទាន់មានគឺគ្មានសិទ្ធិទិញដីទេ គឺមានសិទ្ធិទិញចាប់ពីជាន់ទី១ទៅ»។
ទន្ទឹមនឹងការពោលបែបនេះ លោក សុខ ទូច បានប្រកាសជំហរគាំទ្រនូវប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ដែលនឹងអនុវត្តច្បាប់ចំពោះជនបរទេសទាំងអស់ ទាំងចិន និងជនជាតិផ្សេងៗទៀត ដែលធ្វើខុសច្បាប់នៅកម្ពុជា។ លោកចង់ជំរុញឱ្យសម្តីនេះ ក្លាយទៅជាសម្តីមាស សម្រាប់ប្រទេសកម្ពុជា៕