Aston Villa គឺជាក្លិបមួយក្នុងចំណោមក្លិបនៅ Premier League មួយចំនួនដែលកំពុងមើលស្ថានភាពរបស់កីឡាករ Philippe Coutinhoខណៈដែលកីឡាកររបស់ក្រុម Barcelona រូបនេះព្យាយាមចាកចេញពីទឹកដី Nou Camp
ក្លិប Barcelona អស់សង្ឃឹមក្នុងការផ្លាស់ប្តូរកីឡាករប្រេស៊ីលអាយុ២៩ឆ្នាំរូបនេះបន្ទាប់ពីបានយល់ព្រមលើកិច្ចព្រមព្រៀងចុះហត្ថលេខាលើកីឡាករ Ferran Torres ពីក្រុម Manchester City ក្នុងតម្លៃ៥៥លានផោន។
លោក Steven Gerrard អ្នកចាត់ការទូទៅរបស់ក្លិប Aston Villa ជាអ្នកកោតសរសើរយ៉ាងខ្លាំងចំពោះ Coutinho ដែលគាត់បានលេងជាមួយក្រុម Liverpool។ កីឡាកររូបនេះក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចាប់អារម្មណ៍ពី Arsenal, Everton, Newcastle United និង Spurs ផងដែរ។
Coutinho ក៏ចង់បានការចាប់ផ្តើមថ្មីផងដែរ ខណៈដែលគាត់ព្យាយាមស្តារមុខមាត់ដែលបានជាប់គាំងចាប់តាំងពីផ្ទេរពី Liverpool ក្នុងតម្លៃ១៤២លានផោនក្នុងខែមករា ឆ្នាំ២០១៨ បើទោះបីជាគាត់បានឈ្នះពានរង្វាន់ Champions League ក្នុងឆ្នាំ២០២០ ខណៈដែលកំពុងខ្ចីជើងនៅ Bayern Munich ពី Barcelona ក៏ដោយ។
កីឡាករសញ្ជាតិប្រេស៊ីល Coutinho គឺជាតួអង្គសំខាន់មួយរូបជាមួយលោក Gerrard នៅពេលដែលលេងនៅ Liverpool ដែលឈ្នះពាន Premier League ឆ្នាំ២០១៤ ហើយគំនិតនៃការជួបជុំជាមួយអតីតប្រធានក្រុមរបស់គាត់អាចនឹងមានការទាក់ទាញសម្រាប់កីឡាករមានគំនិតចង់ចូលរួមជាមួយក្លិបដែលមានមហិច្ឆតាខ្ពស់នៅពេលគាត់ចាកចេញពី Barcelona ។
លោក Gerrard កំពុងស្វែងរកជម្រើសដើម្បីពង្រឹងក្រុមរបស់គាត់ បន្ទាប់ពីចាកចេញពីក្លិប Rangers ដើម្បីស្នងតំណែងលោក Dean Smith នៅ Aston Villa ក្នុងខែវិច្ឆិកា ប៉ុន្តែគាត់នឹងមិនប្រញាប់ប្រញាល់ចូលទៅក្នុងកិច្ចព្រមព្រៀងនោះទេ។ លោកបាននិយាយថា “យើងនឹងមិនចុះហត្ថលេខាលើកីឡាករសម្រាប់ជាប្រយោជន៍ដើម្បីបន្ថែមបរិមាណនោះទេ។ យើងកំពុងស្វែងរក និងវាយតម្លៃកីឡាករមួយចំនួនសម្រាប់មុខតំណែងនៅក្នុងក្រុម” ៕ ដោយ៖ ភារៈ
រូបភាព ៖ BBC Sport