ប្រទេសមីយ៉ាន់ម៉ា ៖ សេដ្ឋវិទូជនជាតិអូស្ត្រាលីលោក Sean Turnell អាចនឹងមានសង្ឃឹមមានសេរីភាពឡើងវិញពី ការឃុំខ្លួនដោយរបបយោធាមីយ៉ាន់ម៉ាក្រោយមានមេដឹកនាំយោធាមីយ៉ាន់ម៉ាលោក មីន អោងឡាំង ជួប ជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន កាលពីម្សិលមិញ។
សូមបញ្ជាក់ថា, ថ្លែងក្នុងសន្និសិទកាសែតនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២២នេះ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងថា ការ លើកករណីនេះរបស់សម្តេចតេជោចំពោះលោក មីន អោងលាំង គឺដោយមានការស្នើសុំពីរដ្ឋមន្ត្រីការបរទេស អូស្ត្រាលីលោកស្រី Marise Payne ជូនចំពោះសម្ដេច តេជោកាលពីកន្លងទៅ។
លោកថា៖ «តបតាមសំណើជាលាយលក្ខណ៍អក្សររបស់ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Marise Payne សរសេរផ្ទាល់ផ្ញើជួនមកសម្តេចតេជោនាយករដ្ឋមន្ត្រីគឺសម្តេចបានលើកករណីនេះជាមួយលោកនាយឧត្តម សេនីយ៍ មីន អោងលាំង ហើយជាចម្លើយមកវិញគឺ ដោយសារតែករណីនេះជាប់នៅក្នុងដំណើរការតុលាការ នៅឡើយប៉ុន្តែលោកបានអះអាងថានៅពេលដែលដំណើរ ការតុលាការបានចប់សព្វគ្រប់លោកឧត្តមសេនីយ៍នឹង ពិនិត្យពិចារណាករណីនេះឡើងវិញ។ បានន័យថាគាត់ សន្យាថានឹងផ្តល់ចម្លើយបែបវិជ្ជមានជូនសម្តេចអំពីករណី នេះ» ។
សេដ្ឋវិទូជនជាតិអូស្ត្រាលីលោក Sean Turnell ត្រូវ បានយោធាមីយ៉ាន់ម៉ាចាប់ខ្លួនកាលពីខែកុម្ភៈ ឆ្នាំ២០២១ និងត្រូវបញ្ជូនខ្លួនទៅកាត់ក្តីនៅតុលាការរដ្ឋធានីណៃពិដោ ដែលគាត់ត្រូវបានរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាចោទពាក់ ព័ន្ធនឹងការបំពានច្បាប់សម្ងាត់របស់រដ្ឋ។ បើតាមទំងន់ ទោសលោកប្រឈមនឹងការដាក់ពន្ធនាគារ ដល់ទៅ១៤ឆ្នាំ៕
ដោយ៖ សិលា