លោក សុះ មុះសិន ៖ ការផ្ដល់ជំនាញវិជ្ជាជីវៈដល់និស្សិតមុស្លិមកម្ពុជា និងបានចូលរួមកាត់បន្ថយភាពក្រីក្រ នៅសហគមន៍ជនបទ

ចែករំលែក៖

ខេត្តក្រចេះ៖  ​ការផ្ដល់ជំនាញវិជ្ជាជីវៈដល់និស្សិត​នារីមុស្លិមកម្ពុជា និងបានចូលរួមកាត់បន្ថយភាពក្រីក្រ នៅ​សហ​គមន៍ជនបទព្រោះថា ការផ្ដល់ជំនាញវិជ្ជាជីវៈជូនពួកគេ ពិតជាបានផ្ដល់លទ្ធភាពឲ្យនិស្សិតនៅ​សហ​គមន៍​មានជំនាញច្បាស់លាស់  យកទៅប្រកមុខរបរ ធ្វើអាជីវកម្ម ផ្នែកកាត់ដេរនិងរកចំណូល​មកផ្គត់​ផ្គង់​ជីវភាពគ្រួសារបានងាយស្រួល និងរស់នៅក្នុងសហគមន៍ប្រកបដោយសុខដុមរមនា និង​បានចូលរួម​កាត់​បន្ថយ​ភាព​ក្រីក្រតាមយុទ្ធសាស្រ្ដចតុកោណ​របស់រាជរដ្ឋាភិបាលកម្ពុជាលោក សុះមុះសិន រដ្ឋលេខា​ធិ​ការក្រសួងធម្មការ និងសាសនា និងជាប្រធានសមាគម​និស្សិត​មុស្លិមកម្ពុជា បាន​បញ្ជាក់បែបនេះ ក្នុង​ឱ​កាស​​ដែលលោកចូលរួម ពិធីបិទវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ​កាត់ដេរ​សម្លៀក​បំពាក់ជូននារីមុស្លីមជា​និស្សិតចំនួន១២០នាក់ នៅសហគមន៍ ឃុំពង្រ ស្រុកឆ្ឆូង ខេត្តក្រចេះ កាលពីថ្ងៃទី១៨ មេសា ឆ្នំា ២០១៦ ។

លោក សុះ មុះសិន   បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្ដទុកដាក់  និង​គិតគូរ​ពីតម្រូវការ​ប្អូនៗ ក្មួយៗ នៅសហគមន៍ជនបទ  ពិសេសយកចិត្តទុកដាក់ចំពោះនារីមុស្លិមកម្ពុជា ក្នុងការ​ផ្ដល់ជំនាញ​ ជួយ​បណ្តុះបណ្តាលវិជ្ជាជីវៈកាត់ដេរសម្លៀកបំពាក់ ដើម្បីឲ្យប្អូនៗ ក្មួយៗ មានចំណេះវិជ្ជា​នៅ​ក្នុងខ្លួនសម្រាប់ប្រកបមុខរបររកចំណូលមកផ្គត់ផ្គង់ជីវភាពគ្រួសារនិងសហគមន៍។

លោកបន្តថា កន្លងមកនៅក្នុងស្រុកឆ្លូង ខេត្តក្រចេះ ពុំដែលមានវគ្គបណ្តុះបណ្តាល ឬថ្នាក់បណ្តុះ បណ្តាលវិជ្ជាជីវៈអ្វីនោះទេ ទើបតែរយៈពេលពីរបីឆ្នាំនេះ មានសមាគមនិស្សិតមុស្លិមកម្ពុជា ដោយបានសហការឧបត្ថម្ភពីអង្គការ muslimehelfen អាល្លឺម៉ង់  មកបើកវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ​កាត់ដេរសម្លៀបំ​ពាក់ ជូនដល់បងប្អូន នៅសហគមន៍ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះនេះ ។ ក្នុងវគ្គនីមួយៗ អង្គការ muslim​ehelfen  និងសមាគមនិស្សិតមុស្លិមកម្ពុជា ជាអ្នកធានារាប់រងទាំងស្រុង ចំពោះការចំណាយ​ផ្សេងៗ ពិសេសទីកន្លែងស្នាក់នៅសិក្ខាកាមនារីដែលមកពីភូមិឆ្ងាយៗជុំវិញស្រុក។

លោក សុះ មុះសិន   បានបញ្ជាក់ថា  វគ្គបណ្តុះបណ្តាលកាត់ដេរនេះបានបើកដំណើរការតាំងពីឆ្នាំ២០០៨ មកម្លេះដូចជានៅទីរួមខេត្តកំពង់ចាម នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងនៅស្រុកឆ្លូង ខេត្ត​ក្រចេះ  ដោយបានបណ្តុះបណ្តាលសិក្ខាកាមនារី​ គិតមកដល់ពេលនេះមានចំនួន​ ៨៤០នាក់  និងបានប្រគល់ ម៉ាស៊ីនដេរ ដល់សិស្សពូកែ ដែលជាប់ចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៥  សរុបចំនួន ៩៧គ្រឿង ។      ​  ​ ​

លោកបន្តថា វគ្គកាត់ដេរនេះដំណើរការទៅបានអាស្រ័យដោយមានការឧបត្ថម្ភ ថវិកាពីអង្គការ muslim​ehelfen នៃប្រទេសអាល្លឺម៉ង់  តាមរយៈសមាគមនិស្សិតមុស្លិមកម្ពុជា ក្នុងមួយឆ្នាំៗ ប្រមាណជា ១៤,៥៤​៥.១៥ដុល្លារអាមេរិក បូករួមនឹងប្រាក់បដិភាគរបស់សមាគមនិស្សិតមុស្លិមកម្ពុជា ៥២៩.៦៣ដុល្លារ​អា​មេ​រិក ។

ក្នុងឱកាសនេះដែរលោក សុះ មុះសិន  ក៍បានផ្តាំផ្ញើរដល់សិក្ខាកាមនិស្សិតជានារីទំាង១២០នាក់នេះ​​ ដែលបានបញ្ចប់​វគ្គហើយ ត្រូវខិតខំប្រឹងប្រែងសិក្សា ស្វែងយល់ដោយខ្លួនឯងបន្ថែមទៀត អំពីម៉ូដ​សម្លៀក​​បំពាក់ របៀបវ៉ាស់កាត់  និងត្រូវធ្វើយ៉ាងណា អោយ តិថិជន ដែលជាអ្នកមក​កាត់សម្លៀក​បំពាក់​បានសម និងបានស្អាតថែមទៀត ។ ក្រោយពីទទួលបាន ចំណេះដឹង ទាំងទ្រឹស្តី និងការអនុវត្តក្នុងវគ្គ​បណ្តុះ​បណ្តាលនេះ រួចមក មានសិក្ខាកាមមួយចំនួនបានចាប់ផ្តើមបើកអាជីវកម្ម កាត់ដេរតាមផ្ទះ នៅ​ទីរួមខេត្ដក្រចេះ និងនៅទីរួមខេត្តកំពង់ចាម និងមួយចំនួនទៀតបានជាប់ទៅធ្វើការងារ​នៅប្រទេស​ម៉ា​ឡេ​ស៊ី លើជំនាញកាត់ដេរ ហើយមួយចំនួនទៀត កំពុងមានគម្រោងបើ​កហាងនៅផ្ទះរាងៗខ្លួនផងដែរ ។

លោកបន្តថា ក្រោមកិច្ចសហប្រតិបត្តិការ ក្នុងនាមជាដៃគូរ​​អភិវឌ្ឍន៍របស់សមាគម​និស្សិតមុស្លិម​កម្ពុជា ជាមួយអង្គការ muslimehelfen ដែលមានទីស្នាក់ការនៅសាធារណៈរដ្ឋសហព័ន្ធអាល្លឺម៉ង់ បាន​ផ្តល់នូវ គំរោងមនុស្សធម៌ ជាច្រើនដល់ប្រជាពលរដ្ឋកម្ពុជា ដោយមិនប្រកាន់និន្នាការនយោបាយ ពូជ​សាសន៍ សាសនា ជនជាតិឡើយ ។ គំរោងសំខាន់ៗដែលសមាគម បានអនុវត្តនោះ មានជាអាទិ៍ ៖ការ កសាងអគារអន្តេវាសិកដ្ឋានសម្រាប់ និស្សិតនារីមុស្លីមចំនួន០២កន្លែង ដែលមាននិស្សិតនារីមុស្លីម​ស្នាក់នៅប្រមាណ ២០០នាក់ ដើម្បីបន្តការសិក្សា ថ្នាក់ឧត្តមសិក្សា នៅរាជធានីភ្នំពេញ គំរោងទឹកស្អាត​តាម​ជនបទ ការផ្តល់ប្រាក់កម្ចីឥណទាន ដល់ប្រជាពលរដ្ឋ ខ្មែររស់នៅក្នុងសហគមន៍ខណ្ឌដូនពេញ រាជ​ធានីភ្នំពេញ ការផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ជនរងគ្រោះ ដោយសារមហន្តរាយណ៍ គ្រោះ​ធម្ម​ជាតិ​ដូចជា ទឹកជំនន់ ខ្យល់ព្យុះ ភ្លើងឆេះផ្ទះ នៅតាមបណ្តាខេត្ត រាជធានី ការផ្តល់អាហារកញ្ចប់ ហ្សាកាត់ និងថវិកាសម្រាប់រៀបចំកម្មវិធីស្រាយបួសក្នុងខែរ៉ាម៉ាឌន កម្មវិធី Qurban វគ្គបណ្តុះបណ្តាល​វិជ្ជាជីវៈកាត់​ដេរ កុំព្យូទ័រ ភាសារអង់គ្លេស ដោយឥតគិតថ្លៃផងដែរ ៕

xz6

za2

zf5

ដោយ៖​ សំរិត

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print