ខេត្តមណ្ឌលគិរី ៖ បើយោងតាមអង្គភាព មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី បានបញ្ជាក់ឱ្យដឹងថា នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២ បងប្អូនជនជាតិដើមភាគតិចព្នង (ពូនង) នៅខេត្តមណ្ឌលគិរី បានរៀបចំកម្មវិធីកាប់ក្របីសែនព្រេនតាមប្រពៃណីនៅលើភ្នំដោះក្រមុំ ដើម្បីទទួលស្វាគមន៍លោក ថង សាវុន ដែលព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្ទេរភារកិច្ចលោក ថង សាវុន ពីអភិបាលខេត្តរតនគិរី ទៅជាអភិបាលខេត្តមណ្ឌលគិរីវិញ។
ក្នុងពិធីដ៏អធិកអធមនោះដែរ ក៏មានវត្តមានលោក ណយ ស្រូន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម លោក លោកស្រី គណៈប្រតិភូអមដំណើរ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ អភិបាលក្រុង/ស្រុក និងតំណាងចាស់ទុំជនជាតិដើមភាគតិច មកពីបណ្តាក្រុង/ស្រុកទាំង០៥ក្នុងខេត្ត និងយុវជនជាច្រើននាក់ ដែលប្រព្រឹត្តទៅនៅលើភ្នំលោកតាស្រុះ យាយផ្លុំ (ភ្នំដោះក្រមុំ) ស្ថិតនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ។
ក្នុងពិធីនោះ តំណាងចាស់ទុំជនជាតិដើមភាគតិចព្នងនៅខេត្តមណ្ឌលគិរី ក៏បានបួងសួងដល់បារមីរបស់លោកតាស្រុះ យាយផ្លុំ (ភ្នំដោះក្រមុំ) តាមជួយថែរក្សា ការពារទឹកដីនៃខេត្តមណ្ឌលគិរី សូមតាមជួយបីបាច់ថែរក្សាថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ ប្រជាពលរដ្ឋ រួមទាំងបងប្អូនជនជាតិដើមភាគតិចទាំងអស់ឱ្យទទួលបានសេចក្តីសុខសប្បាយ និងចៀសផុតពីជំងឺផ្សេងៗ។
អង្គភាពមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី បានបញ្ជាក់បន្តថា នាឱកាសនោះ លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានថ្លែងនូវការរំភើបរីករាយដែលបងប្អូនជនជាតិដើមភាគតិច បានរៀបចំកម្មវិធីសែនព្រេន តាមប្រពៃណី ដើម្បីទទួលស្វាគមន៍រូបលោកដែលមកកាន់តំណែងជាអភិបាលខេត្តមណ្ឌលគិរី។ លោកក៏បានបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ជាពិសេសលោកតាស្រុះ យាយផ្លុំ (ភ្នំដោះក្រមុំ) សូមជួយរក្សាការពារ ប្រជាពលរដ្ឋ ក៏ដូចជាបងប្អូនជនជាតិដើមភាគតិចទាំងអស់ សូមមានសុខភាពល្អ និងចៀសផុតពីជំងឺតម្កាត់នានា។ បន្ថែមលើសនេះ លោក អភិបាលខេត្តបានអំពាវនាវដល់ប្រជាពលរដ្ឋក៏ដូចជាបងប្អូនជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី ដែលមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សូមរួសរាន់ទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នានៅតាមទីតាំងដែលរដ្ឋបាលក្រុង/ស្រុកបានកំណត់ជូនប្រជាពលរដ្ឋ ជាពិសេសត្រូវបន្តចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ៣កុំ និង៣ការពារ៕
បងប្អូនជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរីរៀបចំកម្មវិធីសែនព្រេន នៅលើភ្នំដោះក្រមុំ ដើម្បីទទួលស្វាគមន៍ អភិបាលខេត្តមណ្ឌលគិរី
...