ភ្នំពេញ៖ នគរបាលចរាចរណ៍អាចនឹងបណ្ដេញចេញពីជួរកងកម្លាំងនគរបាលប្រសិនបើ នគរបាលចរាចណ៍នោះប្រើអំណាចរបស់ខ្លួន ហៅអ្នកធ្វើដំណើរខុសច្បាប់មកគំរាមទាប្រាក់ក្រៅកម្រៃសេវាខុសច្បាប់ និងមិនចេញវិក្កយប័ត្រផាកពិន័យទៅឲ្យអ្នកដំណើរខុសច្បាប់ទាំងនោះ។ នេះជាការលើកឡើងដោយគំរាមទៅកាន់នគរបាលពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
លោកស្នងការមានប្រសាសន៍បែបនេះនៅក្នុងឱកាសបូកសរុបការងារថែរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់រយៈពេល៤ថ្ងៃនៃថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ បើទោះជាកិច្ចប្រជុំត្រូវបានលើកឡើងដោយលោកស្នងការបែបនេះក៏ដោយ មិនទាន់រំលងបានមួយថ្ងៃផង សមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌ៧មករា និងនគរបាលផ្នែកអន្តរាគមន៍ នគរបាលចរាចរណ៍ផ្លូវគោករាជធានី ដែលឈរជើងបំពេញការងាររបស់ខ្លួនលើកំណាត់ផ្លូវលេខ២១៥ សង្កាត់វាលវង់ ខណ្ឌ៧មករា បានបំពានទៅនឹងគោលការណ៍ខាងលើនេះ ខណៈផាកពិន័យអ្នកបើកបរខុសច្បាប់និងមិនព្រមចេញវិក្កយប័ត្រ ដល់ពេលចេញឲ្យវិញ ធ្វើឡើងដោយកំហឹងក្រេវក្រោធ មិនដឹងជារើសវិក្កយប័ត្រឬបង្កាន់ដៃនេះយកមកពីក្រហែងមេឃណាទេ មានដាក់តម្លៃប្រាក់ស្រាប់ កាលបរិច្ឆេទស្រាប់ ខុសពីប្រក្រតី។
អ្នកបើកបរម្នាក់បានអះអាងថា កាលពីយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ ខ្លួនបានបើកបរខុសច្បាប់ចរាចរណ៍ ខណៈភ្លេចពាក់ខ្សែក្រវ៉ាត់ សមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌ៧មករា តម្រូវឲ្យបង់ប្រាក់ផាកពិន័យចំនួន ៦ដុល្លារ ពេលនោះគាត់ក៏សំណូមពរឲ្យខាងសមត្ថកិច្ចចេញបង្កាន់ដៃបង់ប្រាក់ ដើម្បីយកទៅបង់នៅមូលដ្ឋាន ឬបង់ផ្ទាល់កន្លែងសមត្ថកិច្ចកំពុងបំពេញការងារ ប៉ុន្តែពួកគាត់រារែកមិនចង់ចេញបង្កាន់ដៃ និងបង្កើតទៅជាកំហឹងមិនសប្បាយចិត្ត លើកជាបញ្ហាដាក់បន្ទុកបន្ថែមមកលើខ្លួនជាអ្នកបើកបរ។ ក្នុងនោះសមត្ថកិច្ចមិនត្រឹមចោទប្រកាន់និងកំហុស ភ្លេចពាក់ខ្សែក្រវ៉ាត់នោះទេ គាត់មានវិធីសាស្ត្របន្តទៀតគឺសួរនាំរកឯកសារពាក់ព័ន្ធនិងយានយន្តគឺរកប័ណ្ណបើកបរ ប័ណ្ណសម្គាល់យានយន្ត អត្តសញ្ញាណប័ណ្ណច្បាប់ដើម ថែមទៀត។
អ្នកបើកបរបានបញ្ជាក់ថា គាត់ក៏បង្ហាញឯកសារទាំងនោះដោយជាលិខិតស្នាមថតចម្លង តាមច្បាប់ដើម ដែលចេញដោយអាជ្ញាធរមូលដ្ឋានខណ្ឌសែនសុខ ក៏សមត្ថកិច្ចមិនព្រម ពួកគាត់មានជំហរដ៏តឹងរឹងសំខាន់គឺយកច្បាប់ដើមទាំងអស់ដោយគំរាមពួកគាត់ជានារីៗផងដែរថា បើគ្មានច្បាប់ដើមនិងអូសយកឡានទៅកន្លែង។ ក្រោយមកគាត់ក៏សម្រេចចិត្តបង់ប្រាក់ចំនួន ២៥,០០០រៀល និងស្នើសុំឲ្យសមត្ថកិច្ចចេញបង្កាន់ដៃបង់ប្រាក់ ប៉ុន្តែបង្កាន់បង់ប្រាក់ដែលចេញឲ្យ មិនដឹងជារើសយកមកពីកន្លែងណា មានការសរសេរពីតម្លៃ បំពេញរួចរាល់ស្រាប់ មានដាក់កាលបរិច្ឆេទស្រាប់ និងចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦ ខុសស្រឡះដែលពួកគាត់ធ្វើការពិន័យយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ នោះ។
អ្នកបើកបររួបនេះបានលើកឡើងថា អ្វីដែលខ្ញុំមានចេតនាឲ្យសមត្ថកិច្ចចេញបង្កាន់ដៃបង់ប្រាក់ មានន័យថា ខ្ញុំដឹងពីកំហុស ហើយក៏ជាពលរដ្ឋម្នាក់មានឆន្ទៈចូលរួមគោរពច្បាប់ចរាចរណ៍ថ្មី ដើម្បីសុវត្តិភាពទាំងអស់គ្នា ផ្ទុយទៅវិញសមត្ថកិច្ចធ្វើកិច្ចការងារនេះ របៀបបន្លំ បើគេបង់លុយឲ្យទៅ បើគេសួរនាំតាមផ្លូវច្បាប់កើតទៅជាកំហឹងនិងបង្កើនកំហុសដាក់បន្ទុកធ្វើយ៉ាងណាឲ្យអ្នកបើកបរ បង្ខំចិត្តបង់ប្រាក់ទាំងខុសជាមួយសមត្ថកិច្ចធ្វើការងារខុសនិតិវិធី។ ម្យ៉ាងទៀតសមត្ថកិច្ចបានលើកឡើងថា បើបង់៦ដុល្លារភ្លាមៗគឺមិនម៉េចចេញវិក្ក័យបត្រទេ បើចេញវិក្ក័យបត្រ ត្រូវបង់ចំនួន៥ម៉ឺនរៀល ព្រោះមានមនុស្សក្នុងឡាន២នាក់អត់ពាក់ខ្សែក្រវ៉ាត់។ ដូច្នេះខាងខ្ញុំDiscount ៦ដុល្លារ ហើយចង់បានវិក្ក័យបត្រធ្វើអី ប្រយ័ត្នខាតលុយច្រើន។ អ្នកបើកបរឆ្ងល់ថា សមត្ថកិច្ចឥលូវឆ្លាតៗម្លេះ ចេញស្វែងរកអតិថិជន ករណីបើកបរខុសច្បាប់ មានបញ្ចុះតំលៃ និងបង្កើនកំហុស ដាក់បន្ទុកយកលុយច្រើនវិញ បើហ៊ានហើបមាត់ ទាររកវិក្ក័យបត្រគឺពិន័យឲ្យបង់មួយជាពីរក្នុងតំលៃផាក់ពិន័យ។ គិតសព្វៗទៅ រឿងអនុវត្ត រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក កោតតែមានសមត្ថកិច្ចធុននេះ ឆ្លៀតឱកាសយកអនុក្រឹត្យរបស់រាជរដ្ឋាភិបាល គាបយកលុយពីអ្នកបើកបរលក្ខណៈស្រស់ៗ? នេះចំអ្នកយល់ច្បាប់ ចុះបើអ្នកផ្សេងមិនដឹង ហើយភ័យខ្លាច រួញខ្លួននឹងច្បាប់ចរាចរណ៍ផង មិនដឹងជា សមត្ថកិច្ចគាត់រកលុយតាមវិធីនេះ ទៅលើពលរដ្ឋចំនួនប៉ុន្មាននាក់ទៅហើយទេ ដូចនេះ សូមថ្នាក់លើ មេត្តាមានវិធានការតាមដាន ក្នុងរឿងមិនប្រក្រតីនេះផង ចៀសវាងការអនុវត្តច្បាប់ចរាចរណ៍ខុស រាល់ការជះកំហឹងគ្រប់បែបយ៉ាងរបស់ប្រជាពលរដ្ឋ គឺសំដៅ ឬជាព្រួញស៊ីបមកតែថ្នាក់លើប៉ុណ្ណោះ ។
ពាក់ព័ន្ធករណីនេះលោក នេត ស៊ីថុន អធិការនគរបាលខណ្ឌ៧មករាបានប្រាប់ នគរដ្រេហ្គន តាមទូរស័ព្ទនាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ថាៈ រឿងហ្នឹងខ្ញុំទទួលស្គាល់ថា មន្ត្រីគាត់មានកំហុស ត្រង់សរសេរលើបង្កាន់ដៃបង់ប្រាក់ខុសថ្ងៃខែ តែពួកគាត់មិនមានចេតនាណាមួយ កេងយកលុយផាកពិន័យនោះបានទេ សុទតែជាការអនុវត្តច្បាប់។ លោកបន្តថា ខ្ញុំត្រូវចាត់វិធានការចំពោះមន្ត្រីអនុវត្តការងារខ្លះចន្លោះប្រហោង ឬធ្វេសប្រហែស។ ដោយឡែកលោក លីម សុភា អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា មានប្រសាសន៍ថា ជាគោលការណ៍រាល់ការដាក់កម្លាំងតាមគោលដៅត្រួតពិនិត្យរឹតបន្តឹងច្បាប់ចរាចរ ត្រូវមានការចូលរួមពីមន្ត្រីសាលាខណ្ឌ ក្នុងនោះមានលោកអភិបាលរងមួយរូបទទួលបន្ទុក ចុះដោយផ្ទាល់ធ្វើការងារជាមួយនគរបាលចរាចរណ៍ កម្លាំងកងរាជអាវុធហត្ថ។ ក្នុងករណីគោលដៅពិនិត្យជាតិអាល់កុលត្រូវមានខាងនគរបាលអន្តរាគមន៍ក្រុង នគរបាលចរាចរក្រុងនិងនគរបាលចរាចរមូលដ្ឋាន តែបើគេអនុវត្តផ្ទុយពីនេះអាចសួរនាំទៅខាងអធិការតើមានគោលការណ៍មកពីណា?
លោក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលសណ្ដាប់ធ្នាប់នៃអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ នគរដ្រេហ្គនមិនអាចទាក់ទងបានទេនាព្រឹកថ្ងៃខែឆ្នាំដដែលនេះ ប៉ុន្តែកន្លងទៅលោកហាក់មានជំហរពង្រឹងលើការអនុវត្តច្បាប់ចរាចរថ្មី តែពុំដឹងថា វិធានការមានឬមិនមានបែបណាទេទៅលើមន្ត្រីនគរបាលរបស់ខ្លួនប្រសិនបើអនុវត្តផ្ទុយពីនិតិវិធីរបស់អនុក្រិត្យនោះ?
ដោយ ៖ ស សម-សដារ៉ា