ភ្នំពេញ៖ លោកស្រី Amanda Milling អនុរដ្ឋមន្ត្រីការបរទេសនៃចក្រភពអង់គ្លេស បានលើកឡើងថាក្នុង ជំនួបរវាងលោកស្រីនឹងរដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន កាលពីព្រឹកមិញ ភាគី ទាំងពីរបានប្តេជ្ញាធ្វើការយ៉ាងជិតស្និតជាមួយគ្នាក្នុងពេល ដែលកម្ពុជាធ្វើប្រធានអាស៊ានឆ្នាំនេះ ដោយធ្វើឱ្យប្រសើរ ឡើងវិញនៃការធ្វើពាណិជ្ជកម្ម និងដោះស្រាយបញ្ហា ប្រឈមធំៗក្នុងតំបន់។
(EAC NEWS) បានដកស្រង់សំដី លោកស្រី Amanda Milling ដែលបានសរសេរក្នុង Twitter របស់អ្នកស្រីយ៉ាងដូច្នេះថា៖ «រីករាយដែល បានជួបជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការ បរទេសកម្ពុជា។ ក្នុងនាមជាដៃគូសន្ទនាថ្មី យើងប្តេជ្ញាធ្វើ ការយ៉ាងជិតស្និទ្ធជាមួយកម្ពុជាក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ ដើម្បីដោះស្រាយបញ្ហាប្រឈមដ៏ធំបំផុតនៅ ក្នុងតំបន់ ជំរុញពាណិជ្ជកម្ម និងផ្ដល់អ្នកជំនាញរបស់ ចក្រភពអង់គ្លេសក្នុងការកសាងឱ្យកាន់តែប្រសើរឡើង។
លោកស្រីមិនបានបញ្ជាក់ពីបញ្ហាប្រឈមក្នុងតំបន់ដែល ពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជានោះទេ។
ដោយឡែករដ្ឋមន្ត្រីការបរទេសកម្ពុជាលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសរសេរនៅលើហ្វេសបុកផេករបស់លោក ដោយបានលើកឡើងថា កម្ពុជានិងចក្រភពអង់គ្លេសមាន ទស្សនៈ និងចក្ខុវិស័យស្រដៀងគ្នាច្រើនសម្រាប់ការ អភិវឌ្ឍ។ លោកបានបញ្ជាក់ថាកិច្ចប្រជុំកាលពីព្រឹកមិញ ភាគីទាំងពីរបានលើកឡើងពីការប្រយុទ្ធប្រឆាំងនឹងជំងឺ រាតត្បាត ការចាប់យកឱកាសដើម្បីការស្តារឡើងវិញឱ្យ កាន់តែប្រសើរ បញ្ហាមីយ៉ាន់ម៉ា និងការការពារសិទ្ធិមនុស្ស។ លោកក៏បានប្រកាសថាអាស៊ានបានត្រៀមខ្លួន រួចជាស្រេចដើម្បីបង្កើនភាពជិតស្និតជាមួយចក្រភពអង់គ្លេស។
លោកស្រី Amanda Milling បានធ្វើដំណើរទស្សន
កិច្ចមកកម្ពុជាកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ ដែល
នេះត្រូវបានចាត់ទុកជាដំណើរទស្សនកិច្ចលើកដំបូងរបស់
រដ្ឋមន្ត្រីចក្រភពអង់គ្លេសចាប់តាំងពីចក្រភពអង់គ្លេស
ក្លាយជាដៃគូសន្ទនាអាស៊ានកាលពីឆ្នាំ២០២១។
សូមជម្រាបជូនថា, ក្នុងដំណើរទស្សនកិច្ចប៉ុន្មានថ្ងៃមកនេះលោកស្រីបានធ្វើ ដំណើរជួបជាមួយមន្ត្រីរដ្ឋាភិបាល ធុរកិច្ច និងសង្គម ស៊ីវិល ដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនងជាមួយ ប្រទេសក្នុងតំបន់ ការជំរុញពាណិជ្ជកម្ម ការដោះ ស្រាយវិបត្តិកូវីដ១៩ ការប្រែប្រួលអាកាសធាតុ និងតួនាទីរបស់ចក្រភពអង់គ្លេសក្នុងនាមជាដៃគូសន្ទនាអាស៊ាន ផងដែរ៕
ដោយ : សិលា