ខេត្តសៀមរាប : នៅថ្ងៃទី១១ខែមករាឆ្នាំ២០២២នេះ លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានជួបសំណេះសំណាលជាមួយបងប្អូនសមាគមមគ្គុទ្ទេសក៍ទេសចរណ៍ដែលមានជំនាញចំនួន ១២ភាសា នៅសាលប្រជុំសាលាខេត្តសៀមរាប ចំនួន ២៦៣នាក់ ដោយមានការចូលរួមពីមន្ទីរពាក់ព័ន្ធ អាជ្ញាធរក្រុងផងដែរ ។
លោក ទៀ សីហា បានមានប្រសាសន៍ថា ដោយសារតែវិបត្តិនៃជំងឺរាតត្បាតកូវីដ-១៩ នៅក្នុងរយៈពេល២ឆ្នាំមកនេះ មគ្គុទ្ទេសក៍ទេសចរណ៍នៅតំបន់អង្គរ បានជួបការលំបាកយ៉ាងខ្លាំងផ្នែកជីវភាព ដោយសារតែគ្មានភ្ញៀវទេសចរមកកម្សាន្តព្រោះតែកូវីដ-១៩ ដោយអ្នកខ្លះបានងាកទៅរកការងារផ្សេងៗធ្វើ ដើមី្បផ្គត់ផ្គង់ជីវភាពគ្រួសារ ដោយខ្លះធ្វើជាកម្មករសំណង់ អ្នកខ្លះរត់ម៉ូតូឌុប និងរបរផ្សេងៗទៀតជាដើម។ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខប្រជាពលរដ្ឋ សម្តេចតេជោ នាយករដ្ឋមន្ត្រីបានប្រើយុទ្ធនាការស្រោចវ៉ាក់សាំងទូទាំងប្រទេសទើបធ្វើឱ្យស្ថានភាពកូវីដមានភាពធូស្រាលបន្តិច ព្រមទាំងបើកប្រទេសឡើងវិញ ហើយភ្ញៀវទេសចរក្នុងស្រុកក៏បានចាប់ផ្តើមដើរកម្សាន្តតាមរមណីយដ្ឋាននានា ហើយសម្រាប់ភ្ញៀវទេសចរជាតិ និងបរទេសនៅក្នុងស្រុកដែលបានមកកម្សាន្តនៅតាមប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ ក៏ងាកមកប្រើប្រាស់សេវា មគ្គុទ្ទេសក៍ទេសចរណ៍ ក្នុងពន្យល់បកស្រាយអំពីប្រាសាទនិមួយៗផងដែរ។ ការប្រើប្រាស់សេវានេះ ធ្វើឱ្យបងប្អូនមគ្គុទ្ទេសក៍ទេសចរណ៍រកចំណូលបានខ្លះៗឡើងវិញ ប៉ុន្តែមគ្គុទ្ទេសក៍ទេសចរណ៍បានប្រែមកជាអង្គុយរង់ចាំភ្ញៀវដែលគេត្រូវការមគ្គុទ្ទេសក៍ទេសចរណ៍ នៅតាមក្រោមម្លប់ឈើតាមផ្លូវចូលទៅប្រាសាទ ឬអាចនិយាយថា អង្គុយចាំចាប់ម៉ូយ ទៅតាមលទ្ធភាពរៀងៗខ្លួន។ សកម្មភាពភាពទាំងនេះ ធ្វើឱ្យមានការពិបាកមើល ចំពោះបងប្អូនដែលគ្មានទីតាំងប្រចាំការច្បាស់លាស់ ក្នុងការបម្រើសេវាជូនដល់ភ្ញៀវក្នុងស្រុក ដែលមកទស្សនា ដើម្បីដឹងនិងយល់ពីជីវប្រវត្តិ និង អត្ថន័យនៃរូបចន្លាក់តាមជញ្ជាំងប្រាង្គប្រាសាទ។
លោកអភិបាលខេត្តបានបន្តថា ដើម្បីជួយដល់បងប្អូនមគ្គុទ្ទេសក៍ទេសចរណ៍ នៅក្នុងគ្រាលំបាកនេះ លោកមានគម្រោងជួបពិភាក្សាជាមួយអាជ្ញាធរជាតិអប្សរារៀបចំឲ្យមានកន្លែងមួយសមរម្យនៅគ្រប់ប្រាសាទដោយដាក់ថា កន្លែងផ្តល់សេវាមគ្គុទ្ទេសក៍ទេសចរណ៍ ដើម្បីភាពងាយស្រួលដល់សមាគមមគ្គុទ្ទេសក៍ទេសចរណ៍និមួយៗរៀបចំសមាជិករបស់ខ្លួនឱ្យទៅនៅផ្តល់សេវាទីនោះ ដោយមានការប្តូរវេនគ្នា។ ការរៀបចំបែបនេះ ងាយស្រួលដល់ភ្ញៀវទេសចរ ដែលត្រូវការសេវាមគ្គុទ្ទេសក៍ទេសចរណ៍ គេទៅរក និង មានសណ្តាប់ល្អទៀតផង។ ឯកឧត្តមក៏បានជំរុញឱ្យបងប្អូនបានទៅទទួលការចាក់វ៉ាក់សាំងដូលទី៣ (ដូសជំរុញ) ឱ្យបានគ្រប់ៗគ្នា និងបន្តអនុវត្តវិធានការ ៣កុំ ៣ការពារ ព្រមទាំងសម្របខ្លួនរស់នៅតាមគន្លងបែបថ្មី នៃកូវិដ១៩ផងដែរ។
នៅក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនមគ្គុទ្ទេសក៍ទេសចរណ៍នេះដែរ តំណាងសមាគមមគ្គុទ្ទេសក៍ទេសចរណ៍និមួយៗ ក៏បានស្នើសុំមិនឱ្យយកកម្រៃលើការបន្តអាជ្ញាប័ណ្ណសម្រាប់ឆ្នាំ២០២២ ស្នើសុំមិនបាច់បង់លុយពិនិត្យសុខភាពសម្រាប់យកមកបន្តអាជ្ញាប័ណ្ណ ស្នើសុំឲ្យមានការផ្តល់ប័ណ្ណ(ប.ស.ស) ស្នើឱ្យមានការផ្តល់ប្រាក់១ខែ៤០ដុល្លារដូចបុគ្គលិកសណ្ឋាគារជាដើម។
ពាក់ព័ន្ធបញ្ហានេះ លោកអភិបាលខេត្តក៏បានជួយដោះស្រាយជូនមួយចំនួនដូចជា ការបន្តអាជ្ញាប័ណ្ណសម្រាប់ឆ្នាំ២០២២ ដោយមិនបាច់បង់ប្រាក់ព្រោះខាងមន្ទីរជំនាញបានស្នើទៅថ្នាក់លើរួចហើយរង់ចាំការសម្រេច។ ដោយឡែកចំពោះការពិនិត្យសុខភាពសម្រាប់យកអាជ្ញាប័ណ្ណមកបន្តដោយម្នាក់ៗត្រូវបង់១០ដុល្លារនោះ ឯលោកអភិបាលខេត្តនឹងចេញថ្លៃសេវាជំនួសសម្រាប់បងប្អូនមគ្គុទ្ទេសក៍ទេសចរណ៍ជាង៥ពាន់១១៧នាក់ ស្រី៧០៩នាក់ ដោយឡែកសម្រាប់ ប័ណ្ណ (ប.ស.ស ) មន្រ្តីជំនាញនឹងពិភាក្សាមើលអំពីលិខិតបទដ្ឋាន ដើម្បីពិនិត្យលទ្ធភាពជូន។
នាឱកាសសំណេះសំណាលនេះដែរ លោកអភិបាលខេត្ត ក៏បានផ្តល់ស្បៀងអាហារមួយចំនួនដល់បងប្អូនមគ្គុទ្ទេសក៍ទេសចរណ៍ដែលបានចូលរួមក្នុងកម្មវិធីនេះចំនួន២៦៣នាក់ ដោយម្នាក់ទទួលបាន អង្ករ ២០គីឡូក្រាម ,ត្រីខ ១យួរ ,ទឹកត្រី១យួរ ,ទឹកស៊ីអុីវ ១យួរ និង ថវិកា ២ម៉ឺនរៀលផងដែរ៕
ដោយ : សិលា