ក្រុមហ៊ុនអាកាសចរណ៍ United Airline បានលុបជើងហោះហើរដល់ទៅ១៤៩ជើង ស្មើនឹង៧%នៃជើងហោះហើរសរុបនៅថ្ងៃទី១១ខែមករាឆ្នាំ២០២២ ។ ការលុបជើងហោះហើរនេះដោយសារតែបុគ្គលិករហូតដល់ទៅ ៤% (ប្រមាណ៣០០០នាក់) ក្នុងចំណោមបុគ្គលិកទាំងអសនៅក្នុងក្រុមហ៊ុននេះបានឆ្លងកូវីដ-១៩ ប៉ុន្តែករណីឆ្លងស្ថិតនៅក្នុងកម្រិតស្រាល មិនទាន់មានអ្នកណាម្នាក់ចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយទេ។ អគ្គនាយកក្រុមហ៊ុន អាកាសចរណ៍ United លោក Scott Kirby បានលើកឡើងថា ករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់ បង្កឡើងដោយវីរុសបំប្លែងថ្មីអូមីក្រុង ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ការហោះហើររបស់ក្រុមហ៊ុន។ ក្រុមហ៊ុនក៏បានធ្វើការកែប្រែកាលវិភាគហោះហើរឡើងវិញដើម្បីធានាថាមានបុគ្គលិកគ្រប់គ្រាន់សម្រាប់បម្រើដល់ការហោះហើរ។ ករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់ និងការធ្វើចត្តាឡីស័ករបស់ក្រុមហ៊ុនបានប៉ះពាល់យ៉ាងខ្លាំងដល់ការហោះហើររបស់បណ្តាក្រុមហ៊ុនអាកាសចរណ៍អាមេរិក ។ ក្រុមហ៊ុនអាកាសចរណ៍អាមេរិកត្រូវ លុបជើងហោះហើរសរុបជាង ៣ពាន់ជើង គិតចាប់តាំងពីចុងខែធ្នូឆ្នាំ២០២១ មកទល់ថ្ងៃទី១១ខែមករាឆ្នាំ២០២២ ដោយសារតែកង្វះបុគ្គលិក។ ពាក់ព័ន្ធករណីឆ្លងកូវីដ-១៩ នៅអាមេរិកវិញ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មានមនុស្សសរុបរហូតដល់ទៅ៦៧២,៨៧២នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈដែលអ្នកជំងឺ ២,១៧៣នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ សរុបនៅទូទាំងសហរដ្ឋអាមេរិកអ្នកកើតជំងឺកូវីដ-១៩បានកើនឡើងដល់ ៦៣,៣៩០,៨៧៦ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៨៦៣,៨៩៦នាក់ និងជាសះស្បើយសរុបជាង ៤២.៦៤លាននាក់៕ ដោយសាធី
រូបថត៖Reuters.