ប្រធានរដ្ឋសភារុស្ស៊ី ៖ សម្តេច ហេង សំរិន ជាបុគ្គលសំខាន់ក្នុងការកសាង អភិវឌ្ឍន៍កម្ពុជា និងជាអ្នករឹតចំណងមិត្តភាពកម្ពុជា-រុស្ស៊ី

ចែករំលែក៖

ទីក្រុងម៉ូស្គូ៖ នៅក្នុងដំណើរទស្សនកិច្ចនៅសហព័ន្ធរុស្ស៊ី គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានជួបពិភាក្សាការងារទ្វេភាគី ជាមួយ លោក សើហ្គេ ណារីសស្គីន ប្រធានរដ្ឋសភាឌូម៉ា សហព័ន្ធ រុស្ស៊ី នាសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ ដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរបន្ថែមទៀត។

នៅក្នុងជំនួបនោះ លោក សើហ្គេ ណារីសស្គីន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មកបំពេញទស្សនកិច្ច នៅសហព័ន្ធរុស្ស៊ី តបតាមការអញ្ជើញ របស់លោក។ លោកប្រធានរដ្ឋសភា បានលើកឡើងថា ប្រទេសរុស្ស៊ីចាត់ទុកសម្តេចអគ្គមហាពញាចក្រី គឺជាជាបុគ្គលដ៏សំខាន់មួយរូបនៅកម្ពុជា ដែលបានចូលរួមដឹកនាំកសាង និងអភិវឌ្ឍន៍កម្ពុជាឲ្យមានការរីកចម្រើន។ លើសពីនេះ សម្តេចជាស្ថានិកដ៏សំខាន់មួយ ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងកម្ពុជា និងរុស្ស៊ី ឲ្យរឹងមាំឡើងជាលំដាប់ ចាប់តាំងពីទសវត្សរ៍ ឆ្នាំ១៩៨០ មក។

លោក សើហ្គេ ក៏បានសម្តែងការអរគុណ ចំពោះសម្តេច ហេង សំរិន ដែលបានដឹកនាំគណៈប្រតិភូមកចូលរួមកិច្ចប្រជុំ ថ្នាក់ប្រធានសភាអ៊ឺរ៉ុប-អាស៊ី លើកដំបូង ដែលផ្តួចផ្តើមឡើងដោយ សភាឌូម៉ាសហព័ន្ធរុស្ស៊ី និងសាធារណរដ្ឋកូរ៉េ។ កិច្ចប្រជុំនេះ ផ្តោតលើការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការពហុភាគី និងទេ្វភាគី រវាងសភាតំបន់អាស៊ី និងអ៊ឺរ៉ុប ដើម្បីថែរក្សាស្ថិរភាព និងសុខសន្តិភាព នៃបណ្តាប្រទេសទាំងអស់ នៅក្នុងតំបន់ និងពិភពលោក ។

តាមប្រសាសន៍របស់លោកប្រធានរដ្ឋសភា ឌូម៉ា សហព័ន្ធរុស្ស៊ី កិច្ចប្រជុំប្រធានរដ្ឋសភា អឺរ៉ុប-អាស៊ី លើកដំបូងនេះ មានការចូលរួមពីសំណាក់ប្រធានសភាមកពីបណ្តាប្រទេសចំនួន១៩ប្រទេស។ ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងរុស្ស៊ី វិញ លោក សើហ្គេ ណារីស្គីន បានគំាទ្រ និងវាយតម្លៃខ្ពស់ ចំពោះទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តី រុស្ស៊ី លោក ឌីម៉េទ្រី ម៉េដវេដេវ ទៅកាន់កម្ពុជា និងគម្រោងទសន្សកិច្ចផ្លូវការ និងមិត្តភាពរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅប្រទេសរុស្ស៊ី នាខែឧសភា ខាងមុខនេះ។

លោកប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនាយករដ្ឋមន្រ្តីរុស្ស៊ីទៅកាន់កម្ពុជាកន្លងទៅ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើន ដើម្បីបម្រើដល់ផលប្រយោជន៍ប្រទេសនិងប្រជាជនទំាងពីរ។ ហើយនៅពេលវត្តមានរបស់សម្តេចនាយករដ្ឋមន្រ្តី នៅលើទឹកដីរុស្ស៊ី កិច្ចព្រមព្រៀងផ្សេងៗទៀត ក៏នឹងមានផងដែរ។

លោក សើហ្គេ ណារីសស្គីន បានគូសបញ្ជាក់យ៉ាងច្បាស់ជាមួយស្នាមញញឹមថា «ក្នុងនាមប្រធានសភាឌូម៉ា ខ្ញុំកំពុងរង់ចាំ និងស្វាគមន៍ នូវដំណើរទស្សនកិច្ចរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន មកកាន់ប្រទេសរុស្ស៊ី»។

សម្តេចចក្រី ហេង សំរិន បានវាយតម្លៃខ្ពស់ចំពោះសភាឌូម៉ានៃសហព័ន្ធរុស្ស៊ី ដែលបានផ្តួចផ្តើមរៀបចំកិច្ចប្រជុំកម្រិតប្រធានសភានៃតំបន់អាស៊ី-អ៊ឺរ៉ុប លើប្រធានបទមានសារៈសំខាន់ៗ សុទ្ធសឹងជាបញ្ហារួម ដែលប្រទេសទាំងអស់ត្រូវរួមគ្នាគិតគូរដោះស្រាយតាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយគ្នា។ សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា កម្ពុជា និងរុស្ស៊ី មានទំនាក់ទំនងជាមួយគ្នាយូរមកហើយ គឺមកដល់ឆ្នាំ២០១៦នេះ គឺជាខួបលើកទី៦០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថា «ខ្ញុំសូមវាយតម្លៃថា រុស្ស៊ី គឺជា មហាមិត្តចាស់ និងជាមិត្តដ៏ល្អរបស់កម្ពុជា នៅគ្រប់កាលៈទេសៈ។ ក្នុងនាមរដ្ឋសភាកម្ពុជា ប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ខ្ញុំសូមអរគុណដល់សហព័ន្ធរុស្ស៊ី ដែលបានជួយឧបត្ថម្ភ គាំទ្រដល់ប្រជាជនកម្ពុជា តាំងពីដំណាក់កាល ដែលកម្ពុជាទើបរំដោះប្រទេសជាតិ ចេញពីរបបប្រល័យពូជសាសន៍ នៅឆ្នាំ១៩៧៩។ រុស្ស៊ីបានគំាទ្រ ជួយកម្ពុជាចាប់ពីពេលនោះមកដល់ពេលបច្ចុប្បន្ននេះ» ។

ឆ្លៀតឱកាសនោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក៏បានថ្លែងអំណរគុណ ដល់សភាឌូម៉ាសហព័ន្ធរុស្ស៊ី ដែលបានបញ្ជូនគណៈប្រតិភូ ទៅចូលរួមមហាសន្និបាតសភាតំបន់អាស៊ីលើកទី៨ ដែលសភាកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ កាលពីចុងឆ្នាំ២០១៥។ ជាមួយគ្នានេះ សម្តេចបានគោរពអញ្ជើញ លោក សើហ្គេ មកបំពេញទស្សនកិច្ចនៅកម្ពុជា និងចូលរួមមហាសន្និបាតសភាតំបន់អាស៊ីលើកទី៩ នាចុងឆ្នាំ២០១៦នេះ ដែលសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។

លោក សើហ្គេ បានរីករាយទទួលយកការគោរពអញ្ជើញរបស់សម្តេចប្រធានរដ្ឋសភានេះទៅពិចារណា។ សូមជម្រាបជូនថា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ចេញពីប្រទេសកម្ពុជា កាលពីល្ងាច ថ្ងៃទី១៦ ខែមេសា ក្នុងដំណើរទស្សនកិច្ចនៅសហព័ន្ធរុស្ស៊ី ដែលមានរបៀបវារៈជាសំខាន់ចំនួនពីរ គឺជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់សភាឌូម៉ា សហព័ន្ធរុស្ស៊ី ដើម្បី រឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិ រវាងរដ្ឋសភាប្រទេសទំាងពីរកម្ពុជា-រុស្ស៊ី និងចូលរួមកិច្ចប្រជុំកំពូលប្រធានសភាអាស៊ី-អឺរ៉ុបលើកដំបូង នៅទីក្រុងម៉ូស្គូ៕

12994462_760674220700588_4886261913352353240_n

13062288_760674264033917_5087226607560485558_n

13043250_760674304033913_8014205549816119877_n

13062101_760674334033910_9050602171185937930_n

13010689_760674380700572_3348364507952193274_n

ដោយ៖ សុខ ខេមរា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print