ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការលោក ឯម ច័ន្ទមករា បានអំពាវនាវឲ្យបង្កើនគ្រូបកប្រែភាសាសញ្ញាដើម្បីឆ្លើយតបនឹងតម្រូវការបច្ចុប្បន្ននិងអនាគត ខណៈដែលកម្ពុជានឹងរៀបចំពិធីធំជាបន្តបន្ទាប់ចាប់ពីឆ្នាំ២០២២នេះ។
ថ្លែងតំណាងឱ្យរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចលោក វង សូត ក្នុងពិធីសំណេះសំណាលនិងចែកអំណោយជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សនៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មីនិងច្បារអំពៅ ក្នុងឱកាសទិវាជនមានពិការភាពជាតិលើកទី២៣និងអន្តរជាតិលើកទី៣៩ នៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ឯម ច័ន្ទមករា បានជំរុញឱ្យមានការបណ្ដុះបណ្ដាលគ្រូបកប្រែភាសាសញ្ញាបន្ថែមទៀតដើម្បីត្រៀមបកប្រែក្នុងកិច្ចប្រជុំធំៗដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
លោកថា៖ «មួយស្រុកខ្មែរមានតិចជាង២០នាក់ បានសេចក្ដីថាតិចណាស់! តិចហ្នឹងក្នុងន័យអញ្ចេសទេ ត្រង់ថាប្រសិនទៅមុខយើងមានកិច្ចប្រជុំច្រើនកិច្ចប្រជុំអាស៊ាន កិច្ចប្រជុំASEM គេនឹងចាប់ផ្ដើមរកគ្រូបកប្រែភាសាសញ្ញាហ្នឹងទៅបក។ ព្រោះកិច្ចប្រជុំអន្តរជាតិធំៗចាំបាច់ត្រូវតែមានហើយ។ កិច្ចប្រជុំខ្លះ៣ថ្ងៃជាប់គ្នាព្រឹកល្ងាចយើងមិនអាចបកប្រែតែគ្រូ១នាក់ឬ២នាក់បានទេ អញ្ចឹងគឺត្រូវការច្រើនណាស់។ ហើយពីក្នុងរយៈពេលពីពេលនេះរហូតដល់២០២៣ដែលកម្ពុជារបស់យើងដែលជាប្រធានអាស៊ាននេះគឺចាំបាច់ត្រូវការណាស់។
លោកជំរុញដល់មន្ត្រីថ្នាក់ក្រោមចាប់ផ្ដើមធ្វើកិច្ចការនេះជាមួយក្រសួងអប់រំដើម្បីធ្វើយ៉ាងបង្កើនគ្រូបកប្រែភាសាសញ្ញាសម្រាប់ត្រៀមទៅនឹងការរៀបចំព្រឹត្តិការណ៍ទាំងនេះនាពេលខាងមុខ។
បើតាមលោក ឯម ច័ន្ទមករា វគ្គសិក្សាភាសាសញ្ញាត្រូវប្រើពេលយ៉ាងហោចណាស់១០ខែដើម្បីអាចយកទៅប្រើប្រាស់បាន។
គួររំលឹកផងដែរថា សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានអំពាវនាវឲ្យស្ថានីយន៍ទូរទស្សន៍ដាក់ការបកប្រែភាសាសញ្ញាក្នុងកម្មវិធីរបស់ខ្លួនផងដែរកាលពីកន្លងទៅ ប៉ុន្តែបញ្ហាត្រង់ថាកង្វះអ្នកបកប្រែភាសាសញ្ញាដែលទាមទារឱ្យមានការបណ្ដុះបណ្ដាលបង្កើនអ្នកបកប្រែភាសាសញ្ញានេះ៕
ដោយ : សុខ ខេមរា