ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាសហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ព្រែកលៀប ឃាត់ខ្លួនជនសង្ស័យ២នាក់បន្ទាប់ពីឆែកឆេរកឃើញថ្នាំញៀនចំនួន១កញ្ចប់ធំស្មើនិង៣០កញ្ចប់តូច ជាប្រភេទម៉ាទឹកកក និងដកហូតម៉ូតូ១គ្រឿង ជាមមធ្យោបាយធ្វើដំណើរ ខណៈល្បាតការពារសន្តិសុខសុវត្ថភាពជូនពលរដ្ឋក្នុងមូលដ្ឋាន ។
ករណីឃាត់ខ្លួននេះធ្វើឡើងកាលពីម៉ោង១០យប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា ។
លោកឯក សេរីវុធ អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌជ្រោយចង្វាបានឲ្យដឹងថា ជនសង្ស័យខាងលើទី១ឈ្មោះរ៉ូ ស៉ីនេត ភេទប្រុស អាយុ១៩ឆ្នាំ មានមុខរបរនៅផ្ទះ ទី២ឈ្មោះឆន សីហា ភេទប្រុស អាយុ២៣ឆ្នាំ មានមុខរបរនៅផ្ទះ អ្នកទាំង២នាក់មានស្រុកកំណើតនិងស្នាក់នៅភូមិកោះរកាក្រៅ ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
លោកអធិការរងបន្តទៀតថា ក្រោយទទួលបានផែនការដឹកនាំពីលោកសៀម សុត្ថាវុធ អធិការនគរបាលខណ្ឌជ្រោយចង្វាបានរួមសហការនិងកម្លាំងនគរបាលប៉ុស្ដិ៍ព្រែកលៀបដើម្បីយាមកាមល្បាតក្នុងមូលដ្ឋានក៏បានប្រទះឃើញជនសង្ស័យទាំង២នាក់បើកម៉ូតូ១គ្រឿងដោយមានការសង្ស័យក៏ដេញតាមឃាត់និងឆែកឆេរបានរកឃើញថ្នាំញៀន១កញ្ចប់ធំដែលអាចច្រកជាកញ្ចប់តូចៗបានចំនួន៣០កញ្ចប់ដែលជនត្រូវសង្ស័យបានរក្សាទុកធ្វើសកម្មភាពជួញដូរ។ ក្នុងនោះកម្លាំងសមត្ថកិច្ចបានដកហូតម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខកំពង់ចាម1G-6210 ជាមធ្យោបាយធ្វើដំណើររបស់ជនសង្ស័យ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួមនិងវត្ថុតាងកំពុងឃាត់ខ្លួនសាកសួរបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ ជ្រោយពេជ្រ
...