រកឃើញម្ចាស់ជ័យលាភីកង់គួក កង់ភ្នំ ជើងឯកថ្នាក់ជាតិ នៅខេត្តសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប៖ ការប្រកួតកីឡាទោចក្រយាន ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ ដែលប្រារព្ធធ្វើពេញ១ថ្ងៃនៅថ្ងែទី១២ ខែមករា ឆ្នាំ២០២២ នៅខេត្តសៀមរាបបានបញ្ចប់ដោយជោគជ័យ ខណៈគណៈកម្មការបច្ចេកទេសបានរកឃើញកីឡាករ កីឡាការិនីជ័យលាភីលើវិញ្ញាសាសរុបចំនួន៧។ នេះបើយោងតាមផេក (Cambodia 2023 ) CAMSOC ជាមួយពាក្យស្លោក #យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា
#កីឡារស់ក្នុងសន្ដិភាព_SPORTS_LIVE_IN_PEACE នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ។

ជ័យលាភីលើប្រភេទកង់គួក៖ ១-វិញ្ញាសាកង់គួកបុរសថ្នាល (Junior) ចំណាត់ថ្នាក់លេខ១ កីឡាករ ចេង ជេម, ២-វិញ្ញាសាកង់គួកបុរសឈុតធំ (Elite) លេខ១ កីឡាករ លឹម តិចហ៊ុយ, ៣-វិញ្ញាសាកង់គួកបុរស (Master) លេខ១ កីឡាករ អេង លីន។ ប្រភេទកង់ភ្នំ៖ ៤-កង់ភ្នំ (Man Master MTB) លេខ១ កីឡាករ Vasco Ramsperger, ៥-កង់ភ្នំបុរស (Elite) លេខ១ កីឡាករ ឃឹម ម៉េងឡុង (Team SEA GAMES), ៦-កង់ភ្នំថ្នាល (Man Junior MTB) លេខ១ កីឡាករ ធីម លីម៉េង, និងទី៧ វិញ្ញាសា កង់ភ្នំនារី ចំណាត់ថ្នាក់លេខ១ កីឡាការិនី ខេន ម៉ាឡៃ។ ក្រៅពីចំណាត់ថ្នាក់លេខ១ ក៏មានជ័យលាភីលេខ២ ដល់លេខ៥ លើវិញ្ញាសាទាំង៧នេះដូចៗគ្នាផងដែរ។

លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាទោចក្រយាន ទទួលបន្ទុកប្រធានគណៈកម្មការបច្ចេកទេសការប្រកួតនេះគូសបញ្ជាក់ថា យោងតាមកម្មវិធីប្រកួតប្រចាំឆ្នាំរបស់សហព័ន្ធ និងក្រសួងអប់រំ យុវជន និងកីឡា ក្រោមគម្រោងថវិកាគាំទ្រសហព័ន្ធរបស់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ពន្លឿនការអភិវឌ្ឍសហព័ន្ធកីឡាជាតិ សហព័ន្ធខ្មែរកីឡាទោចក្រយានបានរៀបចំការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ ចាប់ពីថ្ងៃថ្ងៃទី១១-១៣ ខែមករា ឆ្នាំ២០២២ នៅខេត្តសៀមរាប ដែលត្រូវបានបញ្ចប់នាពេលនេះ។ ការប្រកួតឆ្នាំនេះនេះមានសមាគម ក្លិប ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី សរុប ២៤៩នាក់ ក្នុងនេះមានកីឡាករ ១៧៩នាក់ និងកីឡាការិនី១៩នាក់ និងមន្ត្រីគណៈកម្មការរៀបចំការប្រកួតចំនួន ៧០នាក់។

ប្រធានគណៈកម្មការបច្ចេកទេសរូបនេះបញ្ជាក់ទៀតថា ឆ្លងតាមការប្រកួតដោយស្មារតីយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងអស់ពីសមត្ថភាព បច្ចេកទេស និងអនុវត្តបានល្អនូវស្មារតីសាមគ្គីភាព មិត្តភាព ព្រមទាំងអនុវត្តបានយ៉ាងល្អនូវគោលការណ៍លេងដោយយុត្តិធម៌ (Fair Play) បានជំរុញឲ្យការប្រកួតនេះទទួលបានលទ្ធផលល្អប្រសើរ។ «ខ្ញុំបាទ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តសៀមរាប ដែលអនុញ្ញាតផ្តល់ទីតាំងឲ្យសហព័ន្ធខ្មែរកីឡាទោចក្រយានបានរៀបចំការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២១ នេះចប់ទៅដោយរលូន និងទទួលបានជោគជ័យយ៉ាងល្អប្រសើរ»។ សម្រាប់ការប្រកួតកង់ភ្នំ ដែលប្រារព្ធធ្វើឡើងនៅនៅឧស្សានភ្នំគូលែន ភូមិបន្ទាយស្រី ឃុំឃ្នាសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាបក៏ទទួលបានការជួយជ្រោមជ្រែងគាំទ្រយ៉ាងខ្លាំងពីអភិបាលស្រុកបន្ទាយស្រី ហើយលោកអភិបាលស្រុកក៏ប្តេជ្ញាចិត្តខ្ពស់ក្នុងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ នៅស្រុកបន្ទាយស្រី លើកក្រោយៗទៀតផងដែរ។

លោក កឹម សុខុន រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន ថ្លែងក្នុងឱកាសបិទការប្រកួត និងពិធីបំពាក់មេដាយថា លោក ពិតជារីករាយ និងកោតសរសើរចំពោះការចូលរួមប្រកួតប្រជែងអស់ពីសមត្ថភាពរបស់កីឡាករ កីឡាការិនី និងមន្ត្រីបច្ចេកទេសដែលខិតខំអស់ពីសមត្ថភាព ដើម្បីជំរុញឲ្យការប្រកួតជើងឯកថ្នាក់ជាតិទទួលបានជោគជ័យ ដើម្បីបន្តការអភិវឌ្ឍទាំងគុណភាពបច្ចេកទេសរបស់អត្តពលិក និងមន្ត្រីបច្ចេកទេស ត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូង នៅព្រះរាជាណាចក្រកម្ពុជា ដែលយើងនៅសល់រយៈពេលត្រឹមជាង ៤០០ថ្ងៃទៀតប៉ុណ្ណោះ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print