អង្គការសុខភាពពិភពលោក WHO បានព្រមានជាថ្មីថា វីរុសបំប្លែងថ្មីអូមីក្រុងពិតជាគ្រោះថ្នាក់សម្រាប់អ្នកដែលមិនទាន់បានចាក់ វ៉ាក់សាំងបង្ការកូវីដ-១៩ ។ អង្គការ WHO បានបញ្ជាក់ថា អ្នកដែលមិនចាក់វ៉ាក់សាំង និងមើលស្រាលកូវីដ-១៩ គឺជាកំហុសឆ្គងយ៉ាងធំធេង។ ការព្រមានខាងលើរបស់អង្គការសុខភាពពិភពលោក គឺកើតឡើងក្នុងពេលដែលពិភពលោកកំពុងមានករណីឆ្លងកូវីដ-១៩ រហូតដល់ទៅ១៥លាននាក់ក្នុងមួយសប្តាហ៍ គឺជាចំនួនដ៏ខ្ពស់បំផុតមិនធ្លាប់មានគិតក្នុងមួយសប្តាហ៍ៗ។ មកទល់ពេលនេះវីរុសបំប្លែងថ្មីអូមីក្រុងបានឆ្លងរាលដាលដល់ប្រទេសនិងដែនដីចំនួន១៤៩ជុំវិញពិភពលោក។ អគ្គនាយកអង្គការសុខភាពពិភពលោក WHOលោក Tedros Adhanom Ghebreyesus បានបញ្ជាក់ថា «បើទោះបីអូមីក្រុងមិនមានអាការៈធ្ងន់ដូចដែលតាក្តី ប៉ុន្តែវាពិតជាគ្រោះថ្នាក់សម្រាប់អ្នកមិនទាន់ចាក់វ៉ាក់សាំង»។ នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ ប្រមុខអង្គការ WHO លោក Tedros ក៏បានបញ្ជាក់ដែរថា មកទល់នឹងសព្វថ្ងៃនេះមានប្រទេសច្រើនជាង៩០ ដែលមិនទាន់សម្រេចបានការចាក់វ៉ាក់សាំងបង្ការតាមគោលដៅកំណត់ ដែលតម្រូវឱ្យបានយ៉ាងហោចណាស់ក៏៤០ភាគរយនៃប្រជាជនសរុបរបស់ពួកគេនោះដែរខណៈច្រើនជាង៨៥ភាគរយនៃប្រជាជននៅក្នុងតំបន់អាហ្វ្រិក នៅមិនទាន់បានចាក់វ៉ាក់សាំងសូម្បីតែមួយដូស។ តាមអង្គការ WHO ភាគច្រើននៃអ្នកជំងឺ COVID-19 ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅជុំវិញពិភពលោក គឺជាអ្នកមិនទាន់បានចាក់វ៉ាក់សាំងបង្ការ ហើយប្រសិនបើករណីឆ្លងនៅតែបន្តកើនឡើងនោះគឺវាអាចនឹងលេចចេញនូវមេរោគបំប្លែងថ្មីដទៃទៀតជាបន្តបន្ទាប់ ដែលមានភាពកាចសាហាវខ្លាំងជាងអូមីក្រុង ក៏ថាបានដែរ៕ ដោយសាធី .
រូបថត៖AFP.