ខេត្តពោធិ៍សាត់៖ អ្នកជីកត្រពាំងម្នាក់បានប្រទះឃើញគ្រោងឆ្ងឹងមនុស្សនៅក្នុងការដ្ឋានទី១១នៃក្រុមហ៊ុន ភាភីម៉ិច របស់ចិន តែគ្រោងឆ្អឹងនេះបើពិនិត្យជាក់ស្ដែងគឺបានបាត់មួយចំនួនដោយគេសង្ស័យសត្វខាំអូសយកទៅស៊ីនៅកន្លែងផ្សេងទៀត ។
បើតាមរបាយការណ៍នគរបាលមូលដ្ឋានបានបង្ហាញថា គ្រោងឆ្អឹងមនុស្សដែលគេប្រទះឃើញនេះតាំងពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៦ មកម្ល៉េះ ដោយប្រជាពលរដ្ឋម្នាក់ឈ្មោះ មុំ ទូច ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ ខណៈដែលគាត់បណ្ដើរឆ្កែមួយក្បាលទៅរកជីកត្រពាំងនៅចំណុចដែលប្រទះឃើញគ្រោងឆ្អឹងមនុស្សនេះ។ លុះនិងរហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ ទើបគាត់ (មុំ ទូច) មករាយការណ៍ឲ្យសមត្ថកិច្ច ហើយសមត្ថកិច្ចបានចុះពិនិត្យគ្រោងឆ្អឹងនេះនៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ ដោយមានមន្ត្រីជំនាញចូលរួម ប៉ុន្តែអត្តសញ្ញាណជនរងគ្រោះនិងមូលហេតុនាំឲ្យជនរងគ្រោះស្លាប់នោះមិនទាន់ដឹងនៅឡើយទេ ។
នៅក្នុងរបាយការណ៍ដដែលបានឲ្យដឹងថា គ្រោងឆ្អឹងមនុស្សដែលគេប្រទះឃើញនេះស្ថិតនៅចំណុចចំណាយក្ដុលស្ថិតក្នុងភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។ គ្រោងឆ្អឹងដែលគេប្រទះឃើញនេះត្រូវភ្លើងព្រៃឆេះអស់មួយចំនួន ហើយនៅជុំវិញកន្លែងប្រទះឃើញគ្រោងឆ្អឹងចម្ងាយប្រហែល១០ម៉ែត្រពីគ្រោងឆ្អឹងបានរកឃើញមានបន្សល់ទុកខោខ្លីមួយ ហើយនៅក្នុងខោខ្លីនោះគេបានរកឃើញមានសៀវភៅតូចមួយក្បាលដោយមានសរសេរលេខទូរស័ព្ទក្នុងនោះទៀតផង។
បើតាមលោកមេភូមិសាយ បានបញ្ជាក់ថា នៅក្នុងភូមិសាយ ពុំមានបាត់មុខប្រជាពលរដ្ឋណាម្នាក់ឡើយដូច្នេះសាកសពគ្រោងឆ្អឹងនេះអាចបញ្ជាក់ថា មិនមែនជាពលរដ្ឋរស់នៅក្នុងភូមិសាយ នោះទេ។
ដោយឡែកលោក ជុំ វ៉ាន់តិច មេការប្រចាំការនៅក្នុងការដ្ឋានទី១១របស់ក្រុមហ៊ុន ភាភីម៉ិច បានបញ្ជាក់ថា នៅក្នុងការដ្ឋានរបស់ខ្លួនមានបាត់កម្មករម្នាក់រយៈពេល២ខែកន្លះមកហើយដោយមិនដឹងមូលហេតុ។ កម្មករដែលបាត់នេះឈ្មោះ ទឹម ហួន ភេទប្រុស ដែលជាកម្មករមកពីក្រៅស្រុក។តែមិនដឹងថា គាត់ស្លាប់ ឬក៏រស់នោះទេ ។
នៅកន្លែងគេប្រទះឃើញគ្រោងឆ្អឹងនេះដែរក៏មានការលើកឡើងដែរថា ជនរងគ្រោះដែលស្លាប់នៅសល់តែគ្រោងឆ្អឹងអាចជាកម្មករឈ្មោះ ទឹម ហួន ដែលបានបាត់ខ្លួនដូចអ្វីដែលមេការឈ្មោះ ជុំ វ៉ាន់តិច បានអះអាង។ យ៉ាងណាក៏ដោយករណីនេះមន្ត្រីនគរបាលជំនាញស្រុកភ្នំក្រវ៉ាញ បាននឹងបន្តសហការជាមួយនិងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ដើម្បីស៊ើបអង្កេតស្រាវជ្រាវបន្តឲ្យប្រាកដថា គ្រោងឆ្អឹងដែលគេប្រទះឃើញនេះមានឈ្មោះអ្វី ទីលំនៅនៅឯណា ហើយស្លាប់ដោយសារមូលហេតុអ្វី?
ដោយ៖ ប៉ឹម ពិន