ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោក ហ្សាក់ ប៉ឺឡេ នៅថ្ងៃព្រហស្បតិ៍ទី១៣ ខែមករា ឆ្នាំ២០២២នេះ បានសម្តែងការគាំទ្រចំពោះដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា និងបេសកជនពិសេសកម្ពុជា ដើម្បីស្វែងរកសន្តិភាព ជូនប្រជាជន និងប្រទេសមីយ៉ាន់ម៉ា។
ជាក់ស្ដែងលោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា នៅក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នាឱកាសប្រារព្ឋពិធីស្វាគមន៍និស្សិតពេទ្យកម្ពុជា ដែលបានបញ្ចប់កម្មសិក្សានៅប្រទេសបារាំងក្នុងរយៈពេលមួយឆ្នាំ បានថ្លែងយ៉ាងដូច្នេះថា៖ «យើងបានកត់សម្គាល់ពីដំណើរទស្សនកិច្ចរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅប្រទេសមីយ៉ាន់ម៉ា។ ដូចលោកអ្នកដឹងស្រាប់ហើយ ប្រទេសបារាំងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពបច្ចុប្បន្ន ដែលដិតដាមដោយអំពើហិង្សា និងអស្ថេរភាព។ យើងសង្ឃឹមថា វិបត្តិនៅប្រទេសនេះនឹងត្រូវបានដោះស្រាយតាមរយៈការចរចារនយោបាយដោយបើកចំហ និងប្រកបដោយបរិយាប័ន្នជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ព្រមជាមួយការបញ្ជូនជំនួយមនុស្សធម៌។ យើងនឹងគាំទ្ររាជរដ្ឋាភិបាលកម្ពុជា និងបេសកជនពិសេសកម្ពុជា គឺឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ចំពោះការខិតខំប្រឹងប្រែងទាំងឡាយនៅក្នុងទិសដៅនេះ ដោយឈរនៅលើមូលដ្ឋាននៃកិច្ចព្រមព្រៀងកុងសង់ស៊ីសប្រាំចំណុច ដែលត្រូវតែជាផែនការសកម្មភាពរបស់សហគមអន្តរជាតិ និងប្រទេសមីយ៉ាន់ម៉ា។ វានឹងគ្មានដំណោះស្រាយអ្វីក្រៅពីការអនុវត្តចំណុចឯកច្ឆន្ទទាំងប្រាំនេះទេ»។
សូមជម្រាបដែរថា លោកស្រីបណ្ឌិត ណូលីន ហេយហ្សី (Noeleen Hayzer) ប្រេសិតពិសេសថ្មី របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា កាលពីព្រឹកមិញនេះ បានថ្លែងថា៖ អង្គការសហប្រជាជាតិបានមើលឃើញថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ អាចតួនាទីសំខាន់ នៅក្នុងកិច្ចការអន្តរជាតិ នាពេលនេះ៕ដោយ៖ស តារា