ចាប់ពីខែមេសា ឆ្នាំ២០២២ទៅ អ្នកទេសចរបទេស មានទាំងប្រទេសក្នុងតំបន់អាស៊ានផងដែលចូលទៅធ្វើទស្សនកិច្ចប្រទេសថៃ នឹងត្រូវបង់ប្រាក់ពេលចូលក្នុងទឹកដីថៃ ក្នុងម្នាក់៣០០បាត (ប្រមាណ១០ដុល្លារអាមេរិក)។ រដ្ឋាភិបាលថៃបានលើកឡើងថា ការយកប្រាក់ខាងលើ គឺដើម្បីអភិវឌ្ឍជួសជុលទីតាំងទេសចរណ៍ ក៏ដូចជាផ្តល់កាធានារ៉ាប់រ៉ងស្តីពីគ្រោះថ្នាក់ ដល់អ្នកទេសចរដែលចូលមកប្រទេសថៃ។
បើទោះបីទឹកប្រាក់ខាងលើនេះមិនច្រើន តែសមាគម និងបណ្តាក្រុមហ៊ុនទេសចរណ៍ថៃយល់ឃើញថា នេះមិនមែនជាពេលវេលាដើម្បីយកប្រាក់បែបនេះឡើយ ។ ថៃត្រូវការប្រកួតប្រជែងជាមួយប្រទេសផ្សេងទៀតក្នុងតំបន់ ក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យកាន់តែច្រើន ក្រោយរងផលប៉ះពាល់ជាង២ឆ្នាំកន្លងមក។
អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Thanakorn Wangboonkongchana បានលើកឡើងថា ប្រាក់ខាងលើគឹបូកបញ្ចូលជាមួយថ្លៃសំបុត្រយន្តហោះពេលចូលមកទឹកដីថៃ។ លោកបន្តទៀតថា ប្រសិនបើអ្នកទេសចរបរទេសជួបគ្រោះថ្នាក់ពេលកំពុងទស្សនកិច្ចនៅក្នុងប្រទេសថៃ គឺអាចទាមទារប្រាក់សំណង គិតជាទឹកប្រាក់ដល់ទៅ ៥សែនបាត ៕ ដោយ៖សាធី
រូបភាព៖Bangkok Post