ខេត្តពោធិ៍សាត់ ៖ បើយោងតាមប្រភពពី ៖ រដ្ឋបាលពោធិ៍សាត់ បានបញ្ជាក់អោយដឹងថា, លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោក ទី នរិន្ទ រដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកភ្នំក្រវាញ នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២នេះ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ពហុកីឡដ្ឋានថ្មី ស្រុកភ្នំក្រវាញ និងពិធីប្រកាសលទ្ធផល នៃការប្រគួតពានរង្វាន់អបអរសាទរទិវាជ័យជំនះ ៧ មករា ខួបលើកទី៤៣ ជូនដល់កីឡាករ កីឡាការិនី ដែលបានប្រព្រឹត្តទៅកាលពីពេលកន្លងមក។
ពិធីនេះត្រូវបានធ្វើឡើង នៅបរិវេណពហុកីឡដ្ឋានថ្មី ក្នុងបរិវេណអនុវិទ្យាល័យសម្តេចឪ សម្តេចម៉ែ និងវិទ្យាល័យ ហ៊ុន សែន ភ្នំក្រវាញ ដោដោយបានការចូលរួមពីលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកភ្នក្រវាញ ព្រមទាំងក្រុមការងារ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងយុវជនយ៉ាងច្រើនកុះករ។
លោក ហេង សុភាណា អភិបាលនៃគណៈអភិបាលស្រុកភ្នំក្រវាញ បានជម្រាបជូនថា ពហុកីឡដ្ឋានថ្មី ស្រុកភ្នំក្រវាញនេះ ត្រូវបានកសាងឡើងតាំងពីឆ្នាំ២០១៨មកម្ល៉េះ និងបញ្ចប់រួចរាល់ជាស្ថាពរ ក្នុងឆ្នាំ២០២១កន្លងទៅ ដោយចែកជាដំណាក់កាលៗ ក្រោមការឧបត្ថម្ភទាំងស្រុង ពីសំណាក់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកភ្នំក្រវាញ គ្រប់ជាន់ថ្នាក់។ លោកអភិបាលស្រុកបន្តថា ពហុកីឡាដ្ឋានថ្មីនេះ រួមមានតារាងបាល់ទាត់ចំនួន១, តារាងបាលទះចំនួន២, រោងបោះបូលចំនួន១, វេទិកាចំនួន១, បន្ទប់ទឹក១ខ្នង ៤បន្ទប់, ប្រឡាយរំដោះទឹក២ខ្សែ, លូបង្ហូរទឹក២កន្លែង, ចាក់ដីធ្វើផ្លូវរត់អត្តពលកម្មជុំវិញតារាងបាលទាត់, ចាក់ដីសម្រាប់ចតរថយន្ត ម៉ូតូ ដែលត្រូវចំណាយអស់ថវិកាសរុបន ១០៣,២៣៣,៧០០រៀល។
លោក ទី នរិន្ទ និងលោក ជាវ តាយ បានថ្លែងស្រដៀងៗគ្នាថា ពហុកីឡដ្ឋាននេះ ពិតជាបានចូលរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាក្នុងស្រុកភ្នំក្រវាញ ឱ្យកាន់តែផុលផុសឡើង និងជាការលើកទឹកចិត្តដល់យុវជនយើង ឱ្យនាំគ្នាលេងកីឡា ជៀសឱ្យឆ្ងាយពីអំពើអបាយមុខផ្សេង ជាពិសេសគឺការប្រើប្រាស់គ្រឿងញៀន។ ថ្នាក់ដឹកនាំទាំង២ បានបន្តថា រដ្ឋបាលខេត្ត និងក្រុមការងារ បានសហការដឹកនាំកសាងនូវសមិទ្ធផលជាច្រើន ដូចជាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ ស្ពាន សំណង់អាគារសាធារណៈ ការអភិវឌ្ឍន៍ធនធានមនុស្ស(យុវជន) ការគិតគូពីសុខមាពប្រជាពលរដ្ឋ និងការលើកគម្រោងនានា ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋ ឈានទៅលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
ថ្នាក់ដឹកនាំទាំង២ បានបន្ថែមថា ដូចអ្វីដែលយើងដឹងរួចមកហើយនោះ គឺបញ្ហាជំងឺកូវីដ១៩ បានរីករាលដាលជុំវិញពិភពលោក ហើយប្រទេសកម្ពុជាក៏ដូចគ្នាដែរ តែក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចបានយកចិត្តទុកដាក់ខ្ពស់ និងមានផែនការច្បាស់លាស់ ក្នុងការបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ តាមរយៈការស្វាត់ស្វែងរកវ៉ាក់សាំង មកចាក់ជូនប្រជាពលរដ្ឋយើងបានគ្រប់ៗគ្នា ដើម្បីកាត់បន្ថយអត្រាឆ្លង និងអត្រាមរណៈ។ ទោះបីជាយើងទទួលបានវ៉ាក់សាំង គ្រប់ៗគ្នាយ៉ាងណាក្តី បញ្ហានៅចំពោះមុខយើងបច្ចុប្បន្ន គឺមេរោគកូវីដ១៩ បំប្លែងថ្មី ប្រភេទអូមេក្រុង ដែលបាននឹងកំពុងបន្តរីករាលដាល ដូច្នេះហើយសូមឱ្យបងប្អូនប្រជាពលរដ្ឋ បន្តអនុវត្តន៍វិធានការ «៣ការពារ ៣កុំ» ក៏ដូចជាវិធានការនានារបស់ក្រសួងសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួន និងត្រូវផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារ និងប្រជាពលរដ្ឋ ឱ្យមកទទួលវ៉ាក់សាំងដូសជម្រុញ ទៅតាមការអំពាវនាវរបស់សម្តេចតេជោទាំងអស់គ្នា។
ជាការឆ្លើយតបទៅនឹងតម្រូវការចាំបាច់ ក៏ដូចជាសំណូមពរប្រជាពលរដ្ឋ ឯកឧត្តម ទី នរិន្ទ ក៏បានប្រកាសផ្តល់ទីតាំងស្នាក់នៅរៀនសូត្រឥតគិតថ្លៃនៅឯរាជធានីភ្នំពេញ សម្រាប់សិស្សក្រីក្រ ដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងប្រកាសស្ថាបនាស្ពានកំពង់ល្វា ដែលបានបាក់ កាលពីពេលកន្លងទៅឡើងវិញ។ ដោយឡែកឯកឧត្តម ជាវ តាយ ក៏បានប្រកាសជាផ្លូវការ ថានឹងផ្តល់ជូននូវអំពូលភ្លើងបំភ្លឺផ្លូវសាធារណៈឆ្លាតវៃ ប្រភេទLED ជូនដល់ប្រជាពលរដ្ឋនៅទីប្រជុំជនស្រុកភ្នំក្រវាញ ក្នុងពេលដ៏ខ្លីខាងមុខផងដែរ។
បន្ទាប់ពីប្រគល់លិខិតថ្លែងអំណរគុណ ជូនដល់សប្បុរសជន និងប្រគល់ពានរង្វាន់ជ័យលាភី ជូនដល់កីឡាករ កីឡាការិនី ព្រមទាំងថតរូបអនុស្សាវរីយ៍នោះរួចមក ប្រតិភូជាថ្នាក់ដឹកនាំ ក៏បានបន្តចុះជួបសំណេះសំណាល សួរសុខទុក្ខបងប្អូនអាជីវករផ្សារភ្នំក្រវាញ ប្រកបដោយភាពស្និទស្នាលក្រៃលែង៕