ខេត្តកំពត : នៅព្រឹកថ្ងៃអាទិត្យ ១៤កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ នៅសាលាស្រុកកំពង់ត្រាច លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងលោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញសំណេះសំណាលជាមួយគ្រួសារម៉ូតូឌុប និងតាក់ស៊ីក្នុងស្រុកកំពង់ត្រាច ចំនួន៤០០គ្រួសារ។
ក្នុងពិធីនាព្រឹកនេះមានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកស្នងការ លោកមេបញ្ជាការកងកំលាំងទាំងបីប្រភេទ លោកប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាពចំណុះសាលាខេត្ត លោកប្រធានក្រុមប្រឹក្សា អភិបាល អភិបាលរងស្រុក មន្ត្រីរាជការចំណុះរដ្ឋបាលស្រុកកំពង់ត្រាច លោក លោកស្រីមេឃុំ សមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពត និងសម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្តកំពត។
មានប្រសាសន៍ក្នុងពិធីនាព្រឹកនេះ លោក អភិបាលខេត្តបានបញ្ជាក់ថា ប្រទេសយើងមានសុខសន្តិភាពពេញបរិបូរណ៍ បានមកដោយសារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា យកជីវិតទៅប្តូរ ដូច្នេះយើងទាំងអស់គ្នាត្រូវចូលរួមថែរក្សានូវសុខសន្តិភាពដ៏មានតម្លៃនេះតកូនតចៅរបស់យើង។
លោកបានបញ្ជាក់បន្ថែមថា ក្នុងនាមជាគ្រួសារម៉ូតូឌុប និងតាក់ស៊ីក្នុងស្រុកកំពង់ត្រាចរបស់យើង យើងត្រូវចូលរួមថែរក្សា ចែករំលែក រួមសុខរួមទុក្ខជាមួយគ្នា ជាពិសេសសូមកុំជឿតាមការអូសទាញបំបែកបំបាក់ពីក្រុមអគតិមួយចំនួន។
លោក បាននាំនូវអំណោយជាគ្រឿងឧបភោគ បរិភោគមួយចំនួនជូនដល់ក្រុមគ្រួសារម៉ូតូឌុប និងតាក់ស៊ីក្នុងស្រុកកំពង់ត្រាចទាំង៤០០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ២០គ.ក សារ៉ុង២ ទឹកស៊ីអ៊ីវ១យួរ និងត្រីខ១យួរ។
បន្ទាប់ពីសំណេះសំណាលជាមួយគ្រួសារម៉ូតូឌុប និងតាក់ស៊ីរួចមក លោក និងប្រតិភូអមដំណើរបានអញ្ជើញ ពិនិត្យ និងសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងក្រុមគ្រូពេទ្យនៅមណ្ឌលសុខភាពស្រុកកំពង់ត្រាច ៕