ភ្នំពេញ៖ ធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលមិនតិចនោះទេក្រោយពីគេបានឃើញរូបថតនៃពិធីភ្ជាប់ពាក្យរវាងតារាសម្តែងស្រស់សង្ហា លោក អ៊ូ សំខាន់ និងតារាសម្តែងស្រីស្រស់សោភា កញ្ញា សួង ស៊ីធឿន កាលពីអាទិត្យទី១៦ ខែមករា ឆ្នាំ ២០២២ ។ ជារឿងចាប់អារម្មណ៍ដែលគូស្នេហ៍ជាអ្នកសិល្បៈដូចគ្នាថ្មីមួយគូទៀតបានសម្រេចចិត្តទទួលយកក្តីស្រលាញ់ពីគ្នាទៅវិញទៅមកនោះ ប៉ុន្តែក៏មានទស្សនិកជនខ្លះលើកឡើងថា អាចជាការសម្តែងក្នុងភាពយន្តណាមួយទៅវិញព្រោះតែកន្លងមកគេមិនដែលបានឃើញអ្នកទាំងពីរបានបង្ហើបអំពីចំណងស្នេហាជាសាធារណៈណាមួយឡើយ។
នៅក្នុងកម្រងរូបថតដែលត្រូវបានលោក អ៊ូ សំខាន់ បង្ហោះកាលពីពេលមុននេះភ្ជាប់ដោយសំណេរខ្លីថា ថ្ងៃភ្ជាប់ពាក្យ ក្នុងនោះគេក៏បានឃើញទាំងវត្តមានភ្ញៀវចូលរួមច្រើនកុះកររួមទាំងចាស់ទុំទាំងសងខាងដឹងលឺផងដែរ។ ប៉ុន្តែគេមិនបានឃើញវត្តមានភ្ញៀវប្រុសស្រីជាសិល្បករចូលរួមឬបង្ហាញរូបថតរួមគ្នាដើម្បីអបអរពួកគេនោះទេ។ តាមរយៈរូបថតទាំងនេះពួកគេទទួលបានការសាទរ និងភ្ជាក់ផ្អើលលាន់មាត់គ្រប់គ្នាថាជារឿងធ្វើឲ្យគេចាប់អារម្មណ៍ដែលស្ងាត់ៗស្រាប់តែបានបង្ហាញភាពច្បាស់លាស់រវាងគ្នានិងគ្នានៅពេលនេះ។ នៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីលោក អ៊ូ សំខាន់ បាននៅឡើយទេ នៅពេលនេះ ប៉ុន្តែតាមរយៈការឆ្លើយតបដោយខ្លីរបស់តារាសម្តែងស្រី កញ្ញា សួង ស៊ីធឿន បានបញ្ជាក់ថា កម្មវិធីភ្ជាប់ពាក្យខាងលើគឺជារឿងពិតមិនមែនជាការសម្តែងឡើយ។ ទោះជាយ៉ាងណានាងមិនបានបញ្ជាក់ក្បោះក្បាយជុំវិញប្រវត្តិស្នេហា និងគម្រោងចូលរោងការនៅពេលណាឡើយនោះដែរ។
គួរបញ្ជាក់ដែរថា លោក អ៊ូ សំខាន់គឺជាតារាសម្តែង និងជាអតីតបេក្ខភាពីកម្ពុជាចូលរួមកម្មវិធីប្រកួត Mister CAMBODIA ហើយលោកក៏ធ្លាប់ចូលរួមសម្តែងក្នុងភាពយន្តខ្នាតធំថ្មីមួយជាមួយតារាសម្តែងកញ្ញា សួង ស៊ីធឿនផងដែរ។ ទោះជាយ៉ាងណាសារព័ត៌មានយើងក៏ជូនពរឲ្យអ្នកទាំងពីរមានក្តីសុខ សុភមង្គលតរៀងទៅ៕