កូរ៉េខាងជើងបន្តបាញ់មីស៊ីលពីរគ្រាប់ទៀតនៅព្រឹកថ្ងៃទី១៧ខែមករានេះ

ចែករំលែក៖

កម្លាំងទាហានកូរ៉េខាងត្បូងនៅថ្ងៃទី១៧ខែមករា បានប្រកាសថា កូរ៉េខាងជើងបានបន្តសាកល្បងមី ស៊ីលរយៈចម្ងាយខ្លីពីរគ្រាប់បន្ថែមទៀតនៅថ្ងៃនេះ ដោយបាញ់ទៅកាន់តំបន់សមុទ្រភាគខាងកើតឧបទ្វីបកូរ៉េ។ ការបាញ់សាកល្បងធ្វើឡើងនៅតំបន់ជិតអាកាសយានដ្ឋានទីក្រុង ស៊ូណាន់(Sunan) ក្នុងរដ្ឋធានីព្យុងយ៉ាង។ សារព័ត៌មានក្យូដូរបស់ជប៉ុនបានដកស្រង់ប្រភពព័ត៌មានពីរដ្ឋាភិបាលជប៉ុនដែលបានបញ្ជាក់ថា ការបាញ់មីស៊ីលខាងលើរបស់កូរ៉េខាងជើងបានធ្លាក់នៅតំបន់សមុទ្រស្ថិតនៅក្នុងដែនសមុទ្រគ្រប់គ្រងដោយប្រទេសជប៉ុន។ នេះជាករណីបាញ់សាកល្បងលើកទីបួនហើយរបស់កូរ៉េខាងជើងក្នុងរយៈពេលជាងកន្លះខែដើមឆ្នាំ២០២២នេះ។ អគ្គសេនាធិការចម្រុះកងកម្លាំងអាមេរិកនិងកូរ៉េខាងត្បូង (JCS) នៃយោធាកូរ៉េខាងត្បូងបានអះអាងថា តាមឆ្មាំការពារដែនសមុទ្រជប៉ុន គ្រាប់មីស៊ីលកូរ៉េខាងជើងបានហោះទៅធ្លាក់នៅដែនសមុទ្រភាគខាងកើតនៃប្រទេសនេះវិញ។ JCS បានឱ្យដឹងទៀតថា ពេលនេះយោធាកូរ៉េខាងត្បូង និងសម្ពន្ធមិត្តកំពុងតែតាមដានសកម្មភាពកូរ៉េខាងជើងឱ្យបានជាប់ជានិច្ច ដើម្បីត្រៀមលក្ខណៈប្រុងជើងការមិនឱ្យមានការធ្វេសប្រហែសនោះឡើយ។ សម្រាប់ការបាញ់តេស្ត៣លើកមុន គឺលើកទី១ និង២ (មានចំនួន២គ្រាប់) សុទ្ធតែជាប្រភេទ គ្រាប់មីស៊ីលអាចហោះលឿនជាងល្បឿនសំឡេង (hypersonic missile) និងលើកទី៣ (ចំនួន ២គ្រាប់) គឺជាប្រភេទមីស៊ីលបាលីស្ទីករយៈចម្ងាយខ្លី ដែលត្រូវបានបាញ់ចេញពី «ម៉ាស៊ីនបាញ់មីស៊ីលចល័ត» នៅលើផ្លូវរថភ្លើង។ យ៉ាងណាក៏ដោយ សម្រាប់លើកទី៤នេះ គេនៅមិនទាន់អាចដឹងអំពីប្រភេទមីស៊ីលជាក់លាក់នោះឡើយ លុះត្រាណាតែសារព័ត៌មានរដ្ឋកូរ៉េខាងជើង ចេញផ្សាយព័ត៌មានដើម្បីបញ្ជាក់ដូចសព្វដង៕ ដោយសាធី

...

រូបថត៖AFP/TTXVN.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print