ខេត្តតាកែវ : លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យអភិសេក និងសម្ពោធឆ្លងព្រះបដិមាព្រះសិអារ្យ បុស្បុក និងសមិទ្ធផលនានានៅលើកំពូល ភ្នំសន្លុង ក្នុងបរិវេណវត្តរស្មីមហារះភ្នំសន្លុង ស្ថិតនៅឃុំសន្លុង ស្រុកទ្រាំង ខេត្តតាកែវ នាថ្ងៃចន្ទ ១៥កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ។
ឆ្លៀតក្នុងឱកាសនោះ លោកស្រីកិត្តិសង្គហបណ្ឌិតក៏បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់អង្គពិធី និងបាន ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ និងលោកស្រី និន សាផុន តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និងជាប្រធានគណៈកម្មការទី៩នៃរដ្ឋសភា ដែលបានផ្តួចផ្តើមគំនិតក្នុងការកសាងព្រះបដិមាព្រះសិអារ្យ បុស្បុក សម្រាប់ទុកជាទី សក្ការៈ និងគោរពបូជា ។
លោកស្រីឧបនាយករដ្ឋមន្ត្រីបានបន្តទៀតថា កាលពី៤៣ឆ្នាំមុន ប្រទេសកម្ពុជាបានឆ្លងកាត់នូវសង្គ្រាមរុាំរ៉ៃ វិស័យទាំងអស់ ត្រូវបានបំផ្លិចបំផ្លាញ ក្នុងនោះវិស័យព្រះពុទ្ធសាសនាក៏ត្រូវបានបំផ្លិចបំផ្លាញផងដែរ។ ចំណែកឯព្រះសង្ឃត្រូវបានចាប់ផ្សឹក វត្តអារាមបានក្លាយជាទីកន្លែងឃុំឃាំង។ ប៉ុន្តែក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយអនុវត្តនូវនយោបាយ ឈ្នះ=ឈ្នះ បានកសាងប្រទេសពីបាតដៃទទេរហូតដល់មានការអភិវឌ្ឍដូចសព្វថ្ងៃ ។
លោកស្រីបន្តទៀតថា តាមរយៈសមិទ្ធផលទាំងនេះ គឺពិតជាបានចូលរួមចំណែកក្នុងការពង្រឹងវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រឲ្យកាន់តែរីកចម្រើនថែមទៀត ។ ម៉្យាងទៀតបានចូលរួមចំណែកក្នុងការលើកសោភណភាពរបស់ខេត្តផង ដើម្បីទាញយកចំណូលពីវិស័យទាំងនេះ ក្នុងការក្លាយទៅជារមណីយដ្ឋាន ទេសចរណ៍ព្រះពុទ្ធសានាផងនិងកាត់បន្ថយភាពក្រីក្រផង ។
លោកស្រីក៏បានអំពាវនាវឱ្យព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអស់គ្នាត្រូវតែប្រុងប្រយ័ត្នខ្ពស់ និងចូលរួមគោរពតាមគោលការណ៍របស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ខណៈមេរោគបំប្លែងខ្លួនថ្មី អូមីក្រុង កំពុងតែរីករាលដាលនៅពាសពេញពិភពលោក៕
ដោយ : សិលា