សាលាពលទាហាន យោធភូមិភាគទី៤ ប្រារព្ធពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នចំណេះដឹងមូលដ្ឋានកសិកម្ម ឆ្នាំ២០២១

ចែករំលែក៖

ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ លោកឧត្តមសេនីយ៏ឯក ចាន់ នន់វិទ្យា មេបញ្ជាការរងកងទ័ពជើងគោក បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នចំណេះដឹង មូលដ្ឋានកសិកម្ម ឆ្នាំ២០២១ ដល់នាយទាហាន នាយទាហានរង និងពលទាហាន សាលាពលទាហានទី៤ យោធភូមិភាគទី៤។ ពិធីនេះបានប្រារព្ធធ្វើនៅសាលាពលទាហានទី៤ យោធភូមិភាគទី៤ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។ 

 លោក ចាន់ នន់វិទ្យា បានចាត់ទុកថា វគ្គជំនាញដែលបានកំពុងដំណើរបើកនាពេលនេះថាពិតជាបានឆ្លុះបញ្ចាំងឲ្យឃើញពីការកសាងសមត្ថភាព ចំណេះដឹង ចំណេះធ្វើមួយពិតប្រាកដ និងជាក់លាក់លើការងារជំនាញបច្ចេកទេសកសិកម្ម និងការបណ្តុះបណ្តាលធនធានមនុស្សនៃកងយោធពលខេមរភូមិន្ទ ក្នុងវិស័យពង្រឹងប្រៀបការពារជាតិ និងជាឱកាសសម្រាប់កងទ័ពមានពេលវេលាហ្វឹកហ្វឺនរៀនសូត្រនៅពេលដែលប្រទេសជាតិកំពុងមានសុខសន្តិភាពពេញលេញក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ឈ្លាសវៃ ត្រឹមត្រូវ របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោកឧត្តមសេនីយ៍ឯក ចាន់ នន់វិទ្យា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ នាយកដ្ឋានអភិវឌ្ឍន៍ក្រសួងការពារជាតិ; លោកបណ្ឌិត សួង ណយ អគ្គលេខាធិការរង គណៈកម្មការជាតិជំរុញចលនាភូមិ១ ផលិតផល១ ទីស្តីការគណ:រដ្ឋមន្រ្តីដែលបានផ្តល់គ្រូក្នុងការបង្ហាត់បង្រៀនដោយផ្ទាល់សំរាប់វគ្គនេះ និងការរួមសហការពីមេបញ្ជាការ មេបញ្ចាការរង នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះការរិយាល័យអភិវឌ្ឍន៍កងទ័ពជើងគោក កងឯកភាពយោធភូមិភាគទី៤ លោកឧកញ៉ា នួន សុង និងសហការីទាំងអស់ ដែលខិតខំយកអស់កម្លាំងកាយចិត្តបំពេញភារកិច្ចខ្នួនខ្ពស់ និងសហការគ្នារជាធ្លុងមួយ ស្វះស្វែងគ្រប់មធ្យោបាយ និងបង្កលក្ខណះគ្រប់យ៉ាងពីភាគីម្ចាស់សាមីអង្គភាពក្នុងការផ្តល់ ឯកសារមេរៀន សម្ភារសិក្សា ទីតាំងរៀនសូត្រ ស្នាក់នៅ ការផ្តល់សំលៀកបំពាក់ និងការហូបប្រចាំដែលអាចឲ្យវគ្គជំនាញនេះបានដំណើរការបើកវគ្គហ្វឹកហ្វឺនទៅតាមការគ្រោងទុក។ លោក មេបញ្ជាការរងបានមានប្រសាសន៍បន្ថែមទៀតថា ក្រៅពីភារកិច្ចស្នូល កងទ័ពត្រូវយកចិត្តទុកដាក់ ខិតខំដាំដំណាំរួមផ្សំ និងចិញ្ចឹមសត្វដើម្បីផ្គត់ផ្គង់ និងលើកកម្ពស់កំរិតជីវភាពកងទ័ពឲ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត។

លោក ចាន់ នន់វិទ្យា បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវខិតខំរៀនសូត្រទាំងទ្រឹស្តី និងការអនុវត្តន៍ផ្ទាល់ ខិតខំស្រាវជ្រាវឯកសារបន្ថែម គោរពវិន័យ គោរពពេលវេលារៀនសូត្រ មានសាមគ្គីឯកភាពផ្ទៃក្នុងវគ្គ ត្រូវត្រង់ត្រាប់ស្តាប់គ្រូឧទ្ទេានាម ទាំងទ្រឹស្តី និងការអនុវត្តន៍ជាកស្តែង សង្ឃឹមថាពេលបញ្ចប់វគ្គទទួលបានលទ្ធផលល្អ។

តាមរបាយការណ៍ ឧត្តមសេនីយ៍ទោ ហង្ស សុខា នាយសេនាធិការរង នាយការិយាល័យអភិវឌ្ឈន៍កងទ័ពជើងគោក បានឲ្យដឹងថា វគ្គសិក្សារៀនសូត្រជំនាញមូលដ្ឋានកសិកម្មមានរយះពេល ៦១ថ្ងៃ ចាប់បើកពីថ្ងៃទី១៧ ខែមករា រហូតដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២។ សិក្សាលើខ្លឹមសារមេរៀនរួមមាន ផ្នែកកសិកម្មមាន បណ្តុះផ្សិតចំបើង ផ្សិតអំបោះ របៀបដាំអំពៅ ដាំដំណាំស្វាយ ដាំដូងក្រអូប ដាំបន្លែ ការបង្កាត់ និងពង្រីកពូជដំណាំ ការចិញ្ចឹមមាន់ ចិញ្ចឹមឃ្មុំ របៀបធ្វើជី EM អប់រំចិត្តសាស្ត្រ និងយោធារួម ។

សូមបញ្ជាក់ថា វគ្គហ្វឹកហ្វឺននេះមានកម្មសិក្សាការីសរុបចំនួន ១០០នាក់ គ្រូយោធាចារ្យចំនួន ១០នាក់ មកពីអង្គភាពនៃយោធភូមិភាគទី៤ ។ ចាប់តាំងពីឆ្នាំ១៩៩៩ មកដល់ពេលនេះ ការិយាល័យអភិវឌ្ឍន៍កងទ័ពជើងគោក បានដំណើរការបើកវគ្គកសិកម្មជូននាយទាហាន នាយទាហានរង និងពលទាហានបានចំនូន ២១វគ្គហើយ មានសិក្ខាកាមសរុបចំនួន ១,៦៨០នាក់៕

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print