Breaking News, កម្ពុជា-ឥណ្ឌូណេស៊ី សម្លឹងមើលឱកាសតភ្ជាប់ជើងហោះហើរត្រង់ជាមួយគ្នា

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ អំឡុងវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ លោក ថោង ខុន រដ្ឋមន្រ្តីទេសចរណ៍កម្ពុជា និងលោក សេនឌីយ៉ាហ្កា សាលាហ៊ូឌីន អ៊ូណូ (Sandiaga Salahudin Uno) រដ្ឋមន្រ្តីទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិតឥណ្ឌូណេស៊ី បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ ពិសេសគឺដើម្បីជំរុញការតភ្ជាប់ជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ។

កិច្ចចុះអនុស្សរណៈនេះក៏មានប្រធានប្រតិភូឥណ្ឌូណេស៊ីចូលរួមជាសក្ខីភាពតាមរយៈប្រព័ន្ធវីដេអូខនហ្វើរិន ដោយមានលោកស្រី វែរណា អេមែរ៉ាល់ដា ស៉ី. ប៊ូអេនស៊ូសេសូ (Verna Emeralda C. Buensuceso) ផងដែរ។

អនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-ឥណ្ឌូណេស៊ីនេះ មានគោលបំណងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅ និងរួមគ្នាស្តារវិស័យទេសចរណ៍រវាងប្រទេសទាំងពីរឲ្យបានឆាប់រហ័ស។

អនុស្សារណៈយោគយល់គ្នានេះដែរ គឺដោយផ្តោតលើ៖

១៖ រួមគ្នាផ្សព្វផ្សាយ និងទីផ្សារនៅពិព័រណ៌ទេសចរណ៍ថ្នាក់តំបន់ និងអន្តរជាតិ។

២៖ ផ្លាស់ប្តូរបទពិសោធន៍លើការរៀបចំផែនការ និងគ្រប់គ្រងគោលដៅទេសចរណ៍។

៣៖ ជំរុញ និងលើកទឹកចិត្តផ្នែកឯកជន ដើម្បីវិនិយោគក្នុងឧស្សាហកម្មទេសចរណ៍។

៤៖ ជួយគ្នាទៅវិញទៅមកលើការអភិវឌ្ឍធនធានមនុស្ស និងកសាងសមត្ថភាពដល់អ្នកជំនាញ។

៥៖ ជំរុញកិច្ចសហប្រតិបត្តិការលើការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ សន្និសីទ ពិព័រណ៍ទេសចរណ៍ និងកិច្ចប្រជុំផ្សេងៗ។

៦៖ ជំរុញការតភ្ជាប់ជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ។

លោករដ្ឋមន្រ្តីឥណ្ឌូណេស៉ី សេនឌីយ៉ាហ្កា សាលាហ៊ូឌីន អ៊ូណូ ក៏បានកោតសរសើរកម្ពុជាដែលបានដាក់ចេញ និងអនុវត្តនីតិវិធីស្តង់ដា (SOP) និងវិធានសុវត្ថិភាពរបស់កម្ពុជាប្រកបដោយប្រសិទ្ធភាព និងឈានមុខគេក្នុងចំណោមប្រទេសសមាជិកអាស៊ានទាំងអស់។

សូមបញ្ជាក់ថា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំវេទិកាទេសចរណ៍អាស៊ាននៅឆ្នាំក្រោយ ឥណ្ឌូណេស៊ីនឹងរៀបចំព្រឹត្តិការណ៍រាត្រីឥណ្ឌូណេស៊ីនៅយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ នៅសណ្ឋាគារព្រីនស៍ ថាម ខេត្តព្រះសីហនុ ដោយនឹងមានអ្នកចូលរួមប្រមាណ២៥០នាក់៕

ដោយ : សិលា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print