ខេត្តកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនម្នាក់ បន្ទាប់ពីប្រើប្រាស់គ្រឿងញៀនហើយបានរករឿងក្នុងគ្រួសាររហូតដល់គំរាមថានឹងសម្លាប់ជីតារបស់ខ្លួន ជាហេតុធ្វើឲ្យជនរងគ្រោះជាជីតាខឹងក៏ប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនយកទៅចាត់ការតាមនីតិវិធីច្បាប់។ ករណីនេះបានកើតឡើងកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១២និង០០នាទី នៅចំណុចភូមិវិហារសួគ៌ត្បូង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ អ៊ុន ខន ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិខ្មែរមុខរបរចាស់ជរា មានជំងឺរលកព្រះ មានទីលំនៅក្នុងភូមិឃុំកើតហេតុ ត្រូវជាជីតាបង្កើត។ ចំណែកជនសង្ស័យឈ្មោះ សំអៀង ខាវ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឃុំកើតហេតុ ត្រូវជាចៅបង្កើត។
ប្រភពដដែលបន្តថា កន្លងមកជនសង្ស័យបានប្រើប្រាស់សារធាតុញៀនរហូតមានសភាពញៀនខ្លាំង និងបោកចាន ឆ្នាំងនិងរបស់របរប្រើប្រាស់ក្នុងផ្ទះជាច្រើនលើក និងគំរាមសម្លាប់បងប្អូនជីដូនជីតា ព្រោះខឹងសុំលុយយកទៅស៊ីចាយឬទិញថ្នាំញៀនមិនបាន ។ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១២ថ្ងៃត្រង់ ជនសង្ស័យបានក្រោកពីដេកចុះមករកហូបបាយ ហើយត្រូវជនរងគ្រោះ
និយាយស្តីឱ្យថា អ្ហែងអាយុច្រើនហើយងើបពីដេកមកស៊ី មិនគិតទៅរកធ្វើការងារអ្វីទេ។ ជនសង្ស័យឮដូចនេះតបថា កុំចេះរឿងអញអាឆ្កួត ងាប់ឱ្យឆាប់ៗទៅ! ពេលឃើញដូច្នេះជីដូនឈ្មោះ ប៉ាន់ ហយ បានចូលឃាត់ ភ្លាមនោះជនសង្ស័យ
បាននិយាយគំរាមថា ខ្លាំងងាប់ទាំង២នាក់ឥឡូវហើយ ។ ក្រោយមកឈ្មោះ ប៉ាន់ ហយ ក៏ទូរស័ព្ទប្រាប់រឿងរ៉ាវនេះដល់កូនស្រីខ្លួនឈ្មោះ កន ខន ដែលត្រូវជាម្ដាយរបស់ជនសង្ស័យឱ្យទៅដាក់ពាក្យបណ្ដឹងសុំឱ្យសមត្ថកិច្ចអនុវត្តទៅតាមផ្លូវច្បាប់ ។
ក្រោយពីទទួលបានពាក្យបណ្ដឹងមកភ្លាមនោះកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលវិហារសួគ៌បានចុះធ្វើអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល បន្តអនុវត្តតាមនីតិវិធី៕
ដោយ៖ ស្អាងជ័យ