ភ្នំពេញ៖ដោយសារកីឡាការិនី ហូ ស្រីណុចមើលឃើញពីភាពល្បីល្បាញរបស់កីឡាការិនីស៊ន សៀវមុី ដែលជាកីឡាការិនីតៃក្វាន់ដូលំដាប់លេខមួយនៅកម្ពុជា និងជាកីឡាការិនីតែម្នាក់ដែលទទួលបានប្រាក់ចំណូលពីកីឡាច្រើនជាងនោះ បានជា កីឡាការិនីវាយកូនបាល់ វ័យ១៥ឆ្នាំរូបនេះប្តេជ្ញាចិត្តថា ខ្លួននឹងខិតខំហ្វឹកហាត់កសាងកេរឈ្មោះឲ្យក្លាយជាកីឡាការិនីវាយកូនបាល់ល្បីម្នាក់តំណាងឲ្យកម្ពុជាទៅចូលរួម ប្រកួតដណ្តើមយកមេដាយពីប្រទេសនៅក្នុងតំបន់មកជូនជាតិឲ្យខាងតែបាន។
ភាពក្រីក្របានញំញីដល់ជីវភាពគ្រួសាររបស់កីឡាការិនីហូ ស្រី ណុច វ័យ១៥ឆ្នាំក៏សម្រេចចិត្តចូលរួមលេងកីឡាវាយកូនបាល់ហើយបានជម្នះរាល់ឧបសគ្គមកហ្វឹកហាត់ដើម្បីជំរុញខ្លួនឯងឲ្យក្លាយទៅជាកីឡាការិនីល្បីមួយរូបនាថ្ងៃអនាគត។ ក្នុងគោលបំណងដ៏ធំរបស់ ហូ ស្រីណុច ពីព្រោះចង់រក ប្រាក់ចំណូលពីកីឡាទៅជួយដល់ជីវភាពគ្រួសាររបស់នាង ដែលកំពុងក្រីក្រលំបាកតោកយ៉ាកជាខ្លាំងនៅឯខេត្តបាត់ដំបងនោះ។
ហូ ស្រីណុចមានស្រុកកំណើតនៅខេត្តបាត់ដំបង មានបងប្អូន ៦នាក់ នាងគឺជាកូនទី៦ កំព្រាឪពុក បច្ចុប្បន្ននាងបានផ្ញើរខ្លួនរស់នៅជាមួយ មជ្ឈមណ្ឌលកុមារកំព្រាប៉ុន្តែដោយសារនាងមានទេពកោសល្យផ្នែកកីឡាវាយកូនបាល់ ទើបត្រូវបានសហព័ន្ធវាយកូនបាល់កម្ពុជាជ្រើសរើសនាងយក បណ្តុះបណ្តាលជំនាញកីឡាវាយកូនបាល់ និងទទួលបានការផ្គត់ផ្គង់ពីសហព័ន្ធគ្រប់បែបយ៉ាងបូករួមទាំងការសិក្សាផងដែរ៕
សារីម