ភ្នំពេញ៖ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា (អូរបែកក្អម) នៅថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នេះ បានរៀបចំពិធីប្រគល់ ” ជែលលាងដៃ ” ចំនួន ១៦២០០កេស ជូនដល់ប្រធានអនុសាខាកាកបាទក្រហម ខណ្ឌទាំង១៤ ក្រោមអធិបតីភាពលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ។
ក្នុងឪកាសនោះដែរ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍ របស់ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តាំផ្ញើសួរសុខទុក្ខ យ៉ាងជ្រាលជ្រៅជូនចំពោះប្រធានអនុសាខាកាកបាទក្រហមខណ្ឌទាំង១៤ ដែរខិតខំបំពេញបេសកកម្មមនុស្សធម៌ និង ជួយសង្គ្រោះប្រជាពលរដ្ឋទីទាល់ក្រ និងខិតខំបន្តអនុវត្តន៍ តាមអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន គឺលើកកម្ពស់អភិបាលកិច្ចល្អ ការគ្រប់គ្រងមានតម្លាភាព និង គណនេយ្យភាព ចំពោះម្ចាស់អំណោយ ក៏ដូចជាផ្តល់ភាពកក់ក្តៅ ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន និង អាចបញ្ជាក់បានទៀតថា ការផ្តល់អំណោយពេលនេះជា ” ជែលលាងដៃ ” គឺពិតជាមានសារៈសំខាន់សម្រាប់ប្រតិបត្តិករ ជួរមុខរបស់អនុសាខាខណ្ឌ យកទៅចាត់ចែង ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ជំងឺកូវីដ-១៩ នៅតាមមូលដ្ឋានរបស់ខ្លួនផងដែរ ។
ក្រោយពីសំណេះសំណាលរួចមក លោកលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានផ្តល់ ” ជែលលាងដៃ ” ក្នុងមួយអនុសាខាកាកបាទក្រហមខណ្ឌ ចំនួន ២០០កេសផងដែរ៕ដោយ៖ស តារា