ភ្នំពេញ : សោកស្ដាយ ឃើញយុវជនម្នាក់ដើរចោលការងាររដ្ឋព្រោះយល់ថា មានរឿងបក្ខពួក ។ អ្វីដែលខ្ញុំស្តាយគឺប្អូនគិតថាពិភពលោកមានតែ ពណ៌ ២ គត់ គឺ ខ្មៅ និង ស ។ តាមពិត ពណ៌ដែលមានច្រើនបំផុត ក្នុងលោក គឺពណ៌ប្រផេះ ។ សម័យនេះ ព្រំដែនដែលខណ្ឌ Teamwork និង បក្ខពួក គឺស្ដើងណាស់ សំខាន់តើយើងមានជំនាញ អីដែលគេត្រូវការយើងទេ? នេះជាថ្លែងរបស់លោក ខៀវ កាញារឹទ្ឋ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅលើផេកផ្លូវការរបស់លោក នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានបង្ហាញពីទស្សនៈផ្ទាល់ខ្លួនពីការសោកស្ដាយដែលឃើញយុវជនម្នាក់ដើរចោលការងាររដ្ឋព្រោះយល់ថាមានរឿងបក្ខពួក។
សូមបញ្ជាក់ថា, បន្ទាប់ពីមានព័ត៌មានផ្អើលពេញបណ្ដាញសង្គម ពាក់ព័ន្ធជាមួយការស្នើសុំលាឈប់ពីការងាររបស់មន្ត្រីសាលាខេត្តបាត់ដំបងម្នាក់ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានធ្វើការបង្ហាញទស្សនៈនៅលើបណ្ដាញហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថា៖ «សោកស្ដាយ ឃើញយុវជនម្នាក់ដើរចោលការងាររដ្ឋព្រោះយល់ថា មានរឿងបក្ខពួក ។ អ្វីដែលខ្ញុំស្តាយគឺប្អូនគិតថាពិភពលោកមានតែពណ៌២គត់ គឺខ្មៅនិងស។ តាមពិតពណ៌ដែលមានច្រើនបំផុត ក្នុងលោក គឺពណ៌ប្រផេះ។ សម័យនេះ ព្រំដែនដែលខណ្ឌ Teamwork និងបក្ខពួក គឺស្តើងណាស់ សំខាន់តើយើងមានជំនាញអីដែលគេត្រូវការយើងទេ?»
គួរឲ្យដឹងថា លោក លី ឌីនូរី បានដាក់ពាក្យស្នើសុំទៅក្រសួងមហាផ្ទៃ ដើម្បីលាឈប់ពីការងារកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ដោយលោកពុំពេញចិត្តនឹងការបង្កើតបក្សពួកក្នុងសាលាខេត្តបាត់ដំបង។
តាមការបញ្ជាក់របស់លោក មូល ធន នាយករដ្ឋបាលសាលាខេត្តបាត់ដំបង បានឲ្យដឹងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នេះថា មិនមានការបង្កើតបក្សពួកក្នុងការបំពេញកិច្ចការនោះទេ។ លោកថាមួយរយៈចុងក្រោយនេះសាលាខេត្តបានពង្រឹងរបៀបរបបការងារ និងម៉ោងការងារដល់មន្ត្រីរាជការក៏ស្រាប់តែលោក លី ឌីនូរី បង្ហាញការមិនពេញចិត្តនិងបានដាក់ពាក្យឈប់តែម្ដង។
លោក មូល ធន ថា៖ «ដោយសាររយ:ពេលចុងក្រោយសាលាខេត្តបានរៀបចំរបៀបរបប និងពង្រឹងការងារ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ រដ្ឋបាលខេត្តបានចេញលិខិតអញ្ជើញមន្ត្រីឈ្មោះ លី ឌីនូរី ដែលអវត្តមានមិនបានចូលមកបំពេញការងារជាច្រើនថ្ងៃ ដើម្បីមកបំភ្លឺពីមូលហេតុនិងចង់ដឹងពីគោលបំណងដែលមន្ត្រីរូបនេះមិនមកធ្វើការងារ ស្រាប់តែមន្ត្រីឈ្មោះ លី ឌីនូរី បានដាក់ពាក្យស្នើសុំលាឈប់ពីការងារតែម្ដង»។
សូមរម្លឹកថា, ពេលខ្លះ អ្នកខ្លះ មិនដឹងពីតួនាទី ភារកិច្ចខ្លួនឯង ក្នុងការបំពេញការងារជូនអង្គភាព រហូតដល់ខ្វះទំនួលខុសត្រូវ មិនដឹងថាខ្លួនធ្វើអីបាន ត្រូវធ្វើអ្វី ! ហេតុអី បានគេមិនប្រើ នេះជាចំណុចបទពិសោធន៍ ត្រូវត្រិះរិះពិចារណាផងដែរ៕
ដោយ : សុខ ខេមរា